
ក្រសួងសង្រ្គោះបន្ទាន់រុស្ស៊ី និយាយកាលពីថ្ងៃសៅរ៍ថា កម្មកររបស់ពួកគេ បានយកសាកសពមនុស្ស ២០នាក់ ចេញពីគំនរអគារបាក់បែក បន្ទាប់ពីការវាយប្រហាររបស់អ៊ុយក្រែនលើទីក្រុង Lysychansk ស្ថិតនៅក្នុងតំបន់កាន់កាប់ភាគខាងកើត Luhansk របស់ពួកគេ ។
ក្រសួងមួយនេះ បានចែករំលែករូបភាពវីដេអូឃ្លីបពេលដែលក្រុមជួយសង្រ្គោះរបស់ពួកគេ លើកសាកសពមនុស្សប្រឡាក់ឈាមដាក់លើស្នែង និងសែងពួកគេឆ្លងកាត់គំនរបាក់បែកអគារ ។
ខណៈពេលនោះដែរ ក្រុមមន្រ្តីអ៊ុយក្រែន ពុំបានធ្វើសេចក្តីថ្លែងការណ៍ណាមួយពាក់ព័ន្ធនឹងឧបទ្ទេវហេតុមួយនេះឡើយ ។
អ្នកស្រី Maria Zakharova គឺជាអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី និយាយថា ជនស៊ីវិលរាប់សិបនាក់នៅក្នុងអគារ ពេលរងការវាយប្រហារ ហើយអាវុធលោកខាងលិច ត្រូវបានប្រើប្រាស់សម្រាប់ការវាយប្រហារនេះ ៕