
យោងតាមតួលេខផ្លូវការបានបង្ហាញកាលពីថ្ងៃសៅរ៍ ទី៣ ខែកុម្ភៈ ចំនួនអ្នកស្លាប់ដោយសារបំណាក់ដី និងទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅភាគខាងត្បូងប្រទេសហ្វីលីពីនកាលពីសប្តាហ៍មុនបានកើនឡើងដល់ ១៤ នាក់។
ភ្លៀងបានធ្លាក់លើផ្នែកខ្លះនៃកោះមីនដាណាវ(Mindanao) ដែលជាកោះធំបំផុតទីពីររបស់ប្រទេសនេះ អស់រយៈពេលជាច្រើនសប្តាហ៍ ហើយបានបង្ខំឲ្យមនុស្សរាប់ម៉ឺននាក់រស់នៅក្នុងជម្រកសង្គ្រោះបន្ទាន់។
មនុស្សយ៉ាងហោចណាស់១០នាក់ បានស្លាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះនៅក្នុងខេត្តតំបន់ភ្នំសំបូរ រ៉ែមាសដាវៅឌឺ អូរ៉ូ(Davao de Oro) ខណៈទទួលរងភ្លៀងធ្លាក់ឥតឈប់ឈរ។
មន្ត្រីព័ត៌មានខេត្តហ្វេម៉ាស្ទ័រ(Fe Maestre)បានប្រាប់សារព័ត៌មានAFP ថា លោកមិនធ្លាប់ឃើញមានភ្លៀងធ្លាក់ខ្លាំង និងបន្តបន្ទាប់បែបនេះពីមុនមកទេ។
ក្រុមមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយបានប្រាប់សារព័ត៌មាន AFP ថាក្នុងចំណោមអ្នកស្លាប់ទាំង ១០ នាក់នៅក្នុងខេត្ត ដាវៅ ឌឺ អូរ៉េ(Davao de Oro)មាន៣នាក់ត្រូវបានកត់ត្រានៅក្នុងក្រុង New Bataan ហើយមនុស្ស ៤ នាក់ផ្សេងទៀតបានស្លាប់នៅក្នុងគ្រោះបំណាក់ដីក្នុងក្រុង ម៉ារ៉ាហ្គូសាន( Maragusan)និងទីក្រុងម៉ុនកាយ៉ូ(Monkayo)។
មនុស្សបីនាក់ផ្សេងទៀតបានលង់ទឹកស្លាប់នៅក្នុងឧបទ្ទវហេតុដាច់ដោយឡែកពីគ្នានៅក្នុងក្រុង ផានទូខាន (Pantukan) និងក្រុងម៉ាកូ(Maco) ក្នុងខេត្ត ដាវៅ ឌឺ អូរ៉េ (Davao de Oro)៕