
ក្រុមអ្នកតវ៉ាអ៊ីស្រាអែលបានប្រមូលផ្តុំគ្នានៅទីក្រុង Tel Aviv កាលពីថ្ងៃសៅរ៍ ថ្ងៃទី ៣ ខែកុម្ភៈ ជំរុញឱ្យរដ្ឋាភិបាលអ៊ីស្រាអែលធានាឲ្យមានការដោះលែងចំណាប់ខ្មាំងពីកណ្ដាប់ដៃក្រុមហាម៉ាស ដែលនៅសេសសល់នៅក្នុងតំបន់ហ្កាហ្សា។
ការតវ៉ាដាច់ដោយឡែកប្រឆាំងនឹងរដ្ឋាភិបាលត្រូវបានធ្វើឡើងនៅទីលានចតុរង្គធំមួយក្នុងទីក្រុង Tel Aviv កាលពីថ្ងៃសៅរ៍ ហើយបន្ទាប់មកបានទៅខាងក្រៅបរិវេណក្រសួងការពារជាតិអ៊ីស្រាអែល។
អ៊ីស្រាអែលបានចាប់ផ្តើមសង្រ្គាមរបស់ខ្លួនលើក្រុមហាម៉ាសបន្ទាប់ពីការវាយលុកកាលពីថ្ងៃទី ៧ ខែតុលា ក្រយក្រុមសកម្មប្រយុទ្ធហាម៉ាស បានសម្រុកចូលវាយប្រហារឆ្លងព្រំដែន សម្លាប់មនុស្ស ១.២០០នាក់ និងបានចាប់មនុស្ស ២៥៣នាក់ជាចំណាប់ខ្មាំងចូលទៅក្នុងដែនដីហ្កាហ្សា ហើយរហូតមកដល់ពេលនេះនៅមានជាង១០០នាក់ទៀតដែលនៅតែស្ថិតនៅក្នុងដៃរបស់ក្រុមហាមាស់ នេះបើយោងតាមចំនួនសរុបរបស់អ៊ីស្រាអែល។
ក្រុមអាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សាបាននិយាយថា ប្រជាជនប៉ាឡេស្ទីនជាង ២៧.០០០ នាក់ត្រូវបានបញ្ជាក់ថា បានស្លាប់ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមនេះ ដោយមានក្ដីបារម្ភថាមនុស្សរាប់ពាន់នាក់ទៀតបានបាត់បង់ជីវិតស្របពេលការវាយប្រហារនៅតែបន្ត។
បទឈប់បាញ់កាលពីខែវិច្ឆិកាមានរយៈពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ នៅពេលក្រុមសកម្មប្រយុទ្ធបានដោះលែងស្ត្រី កុមារ និងចំណាប់ខ្មាំងបរទេសចំនួន ១១០ នាក់ជាថ្នូរនឹងការដោះលែងជនជាតិប៉ាឡេស្ទីន ដែលត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែល៕