
ក្រុមអាជ្ញាធរបាននិយាយកាលពីថ្ងៃសៅរ៍ថា ចំហេះព្រៃដ៏ខ្លាំងក្លាដែលកំពុងឆាបឆេះនៅភាគកណ្តាលប្រទេសឈីលី បានសម្លាប់មនុស្សយ៉ាងហោចណាស់៥១ នាក់ ហើយចំនួនអ្នកស្លាប់ទំនងជានឹងបន្តកើនឡើង ខណៈក្រុមសង្គ្រោះបន្ទាន់ បានព្យាមាពន្លត់ភ្លើង ដែលកំពុងគំរាមកំហែងតំបន់នៅទីក្រុងនានា។
ផ្សែងខ្មៅបានហុយឡើងលើអាកាសគ្របដណ្ដប់លើផ្នែកជាច្រើននៃតំបន់ វ៉ាល់ ផារ៉ៃសូ (Valparaiso) ដែលមានប្រជាជនជិតមួយលាននាក់នៅកណ្តាលប្រទេសឈីលី ខណៈក្រុមអ្នកពន្លត់អគ្គិភ័យប្រើឧទ្ធម្ភាគចក្រ និងរថយន្តដឹកទំនិញព្យាយាមពន្លត់ភ្លើង។
ក្រុមអាជ្ញាធរឈីលី បាននិយាយថា តំបន់ជុំវិញទីក្រុងទេសចរណ៍ឆ្នេរសមុទ្រ វីណា ដែលម៉ា (Vina del Mar)គឺជាតំបន់រងគ្រោះខ្លាំងបំផុត ហើយក្រុមជួយសង្គ្រោះកំពុងព្យាយាមទៅដល់គ្រប់តំបន់ ទាំងអស់ ដែលបានរងផលប៉ះពាល់។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរដ្ឋ លោកស្រី ការ៉ូលីណា តូហា (Carolina Toha) បាននិយាយថា ចំនួនអ្នកស្លាប់បានកើនឡើងនៅពេលដែលសាកសពចំនួន៥នាក់ទៀត ត្រូវបានរកឃើញនៅលើផ្លូវសាធារណៈ ហើយព័ត៌មានបង្ហាញថា យើងនឹងឈានដល់តួលេខខ្ពស់ជាងនេះ នៅក្នុងប៉ុន្មានម៉ោងខាងមុខនេះ។
លោកស្រី តូហា បាននិយាយថា ស្ថានភាពរបស់ទីក្រុងវ៉ាល់ ផារ៉ៃសូ គឺធ្ងន់ធ្ងរបំផុត ដោយនិយាយថាប្រទេសនេះកំពុងប្រឈមគ្រោះមហន្តរាយដ៏អាក្រក់បំផុតចាប់តាំងពីការរញ្ជួយដីឆ្នាំ ២០១០ ដែលបានសម្លាប់មនុស្សប្រហែល ៥០០ នាក់។
លោកប្រធានាធិបតីឈីលី កាព្រីយ៉ែល បូរិច (Gabriel Boric) បានប្រាប់ប្រជាជាតិនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា ស្ថានភាពពិតជាពិបាកខ្លាំងណាស់៕