ស្វាយរៀង ៖ គ្រឿងស្រវឹងគ្រប់ប្រភេទត្រូវបានរដ្ឋបាលខេត្តស្វាយរៀងធ្វើការហាមឃាត់ការលក់ចែកចាយ ដើម្បីបញ្ចៀសការជួបជុំ សេពគ្រឿងស្រវឹងទប់ស្កាត់ចម្លងជំងឺកូវីដ-១៩ ។
នៅថ្ងៃទី៣០ ខែមិថុនានេះ រដ្ឋបាលស្រុកស្វាយជ្រំ ខេត្តស្វាយរៀង សហការជាមួយ នឹងផ្នែកពាក់ព័ន្ធ ដឹកនាំដោយលោក ហែម សារិទ្ធ បានចុះផ្សព្វផ្សាយសេចក្តីណែនាំលេខ ០០៩ / ២១ សណន របស់រដ្ឋបាលខេត្តស្វាយរៀង ស្តីពី ការផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២១ នៅតាមទីប្រជុំជនផ្សារសំខាន់ៗទាំង៣ និង ឃុំទាំង១៦ របស់ស្រុក។
លោក ហែម សារិទ្ធ អភិបាលស្រុក បានអំពាវនាវដល់ពលរដ្ឋ និងអាជីវករ ត្រូវចូលរួមអនុវត្តសេចក្តីណែនាំរបស់រដ្ឋបាលខេត្តឲ្យបានខ្ជាប់ខ្ជួនសំដៅធ្វើការបញ្ជៀសការចែកចាយ និងការប្រើប្រាស់គ្រឿងស្រវឹង នៅតាមសហគមន៍ ខណៈដែលខេត្តបាននិងកំពុងប្រឈមជំងឺកូវីដ-១៩ ឆ្លងចូល សហគមន៍ ពីព្រោះកន្លងមកការចម្លងជំងឺកូវីដ១៩ ត្រូវបានរដ្ឋបាលខេត្ត ពិសេសក្រុមការងារបានចុះស្រាវជ្រាវ វិជ្ជមានជំងឺកូវីដ១៩ នៅតាមសហគមន៍ បានរកឃើញ អ្នកសេពគ្រឿងស្រវឹងមួយចំនួនមាន វិជ្ជមានជំងឺកូវី១៩ផងដែរ។
ផ្សារភ្ជាប់ជាមួយនឹងការផ្សព្វផ្សាយនេះដែរ លោក ហែម សារិទ្ធ អភិបាលស្រុក បានអំពាវនាវដល់ពលរដ្ឋនៅក្នុងស្រុកបន្តអនុវត្តវិធានរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ណែនាំរបស់សម្ដេចអគ្គមហាសេនាបតីជោ ហ៊ុន សែន៣កុំ ៣ការពារ ទៅតាមការណែនាំ ដើម្បីបញ្ចៀសជំងឺ ឆ្លងចូលសហគមន៍ ខណៈដែលខេត្តស្វាយរៀងពិសេសភូមិឃុំរបស់ស្រុកស្វាយជ្រំទាំងមូលបានរងវិជ្ជមានជំងឺ covid-១៩ លើពលរដ្ឋមួយចំនួនគួរឱ្យបារម្ភ ។
តាមរបាយការណ៍បឋមរបស់រដ្ឋបាលខេត្ត គិតមកដល់ត្រឹមថ្ងៃទី២៩ ខែមិថុនាឆ្នាំ ២០២១ នៅទូទាំងខេត្តស្វាយរៀង មានពលរដ្ឋដែលមាន -វិជ្ជមានជំងឺកូវីដ១៩ ចំនួន២ពាន់៤១៣នាក់ ក្នុងនោះរដ្ឋបាលខេត្ត បានធ្វើការព្យាបាលអោយជាសះស្បើយចំនួន ១ពាន់ ៣៨៦នាក់ អ្នកជំងឺចំនួន ២០នាក់ បានស្លាប់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន១ពាន់ ០០២នាក់ ៕
អត្ថបទ ៖ សារិទ្ធ




