
ពោធិ៍សាត់៖ រដ្ឋបាលស្រុកបាកាន និងរដ្ឋបាលស្រុកស្រុកភ្នំក្រវាញ បានរៀបចំការប្រកួតបាល់ទះ បាល់ដក់ ដើម្បីចំណងមិត្តភាពនិងបង្កើនសាមគ្គីភាពជាមួយគ្នា ជាពិសេសគឺយុវជននៃស្រុកទាំង២ ។ ការប្រកួតកីឡានេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតារាងបាល់ក្រោយមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ ស្ថិតក្នុងឃុំលាច ស្រុកភ្នំក្រវាញ ក្រោមការផ្តួចផ្តើម និងឧបត្ថម្ភគ្រាំទ្រដោយ ឯកឧត្តម បណ្ឌិត ទី ថានី សមាជិករដ្ឋសភានិងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ ។
ក្រុមកីឡាមកពីស្រុកទាំងពីរបានចូលរួមប្រកួតសរុបមាន ៦ក្រុម ដែលដឹកនាំដោយលោក ផាយ ឡេង អភិបាលស្រុកបាកាន និងលោក ហេង សុភាណា អភិបាលស្រុកភ្នំក្រវាញ រួមមាន ក្រុមបាល់ទះវ័យចាស់២ក្រុម ក្រុមបាល់ទះយុវជន២ក្រុម និងក្រុមបាល់ដក់យុវជន២ក្រុម ។ បន្ទាប់ពីធ្វើការប្រកួតយ៉ាងស្វិតស្វាញ ក្រុមកីឡាបាល់ទះវ័យចាស់ស្រុកបាកាន បានយកឈ្នះលើក្រុមបាល់ទះវ័យចាស់ស្រុកភ្នំក្រវាញ ក្នុងលទ្ធផល ២សិចទល់និង០ , ក្រុមបាល់ទះយុវជនស្រុកភ្នំក្រវាញ បានយកឈ្នះលើក្រុមបាល់ទះយុវជនឃុំមេទឹកស្រុកបាកាន ក្នុងលទ្ធផល ២សិចទល់និង០ ហើយក្រុមបាល់ដក់យុវជនស្រុកភ្នំក្រវាញ បានយកឈ្នះក្រុម បាល់ដក់យុវជនស្រុកបាកាន ក្នុងលទ្ធផល ២សិចទល់និង០។
ក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត ទី ថានី បានមានប្រសាសន៍លើកឡើងថា ទីតាំងដែលយើងកំពុងធ្វើការប្រកួតកីឡានេះធ្លាប់ជាទីតាំងសមរភូមិសង្គ្រាម តែក្រោមម្លប់នៃសន្តិភាពទើបពួកយើងមានឱកាសជួបជុំគ្នាលេងកីឡា ដើម្បីមិត្តភាព សាមគ្គីភាព និងសុខភាព។ ឯកឧត្តម បានបន្តថា ការប្រកួតកីឡានេះ បានរួមចំណែកជួយជម្រុញអោយយុវជនងាកមកចាប់អារម្មណ៍លើការលេងកីឡា មិនយកពេលទំនេរទៅធ្វើរឿងអបាយមុខដូចជាគ្រឿងញៀន ក្មេងទំនើងជាដើម ។ ហើយដោយមានការគាំទ្រ ឯកឧត្តម នឺងឧបត្ថម្ភរៀបចំកម្មវិធីបែបនេះជាបន្តបន្ទាប់ទៀត ដោយលើក្រោយនឹងមានក្រុមកីឡាចូលរួមប្រកួតច្រើនជាងនេះ មកពីស្រុកផ្សេងៗបន្ថែមទៀត។ ក្នុងនោះដែរ ឯកឧត្តម បានប្រគល់ប្រាក់រង្វាន់ជូនដល់ក្រុមទទួលបានជ័យជម្នះ និងរង្វាន់លើកទឹកចិត្តដល់ក្រុមដែលចាញ់ ហើយឯកឧត្តម ក៏បានរៀបចំទទួលអាហារសាមគ្គីដល់កីឡាករទាំងអស់នៅភូមិឋានក្រវាញលាស់ថ្មី ដោយភាពរីករាយនិងស្និតស្នាលផងដែរ ៕អត្ថបទ៖ ភិរុណ ពៅ








