
ភ្នំពេញ៖ ក្រុមយុវជនសង្គមស៊ីវិល សិស្ស និស្សិត នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ បានចេញសេចក្ដីថ្លែងការណ៍ បង្ហាញការសោកស្តាយ និងថ្កោលទោសមន្រ្ដីសមាគមអាដហុក (Adhoc) លោក ស៊ឹង សែន ករុណា ចំពោះការប្រើពាក្យសម្ដីប្រមាថដល់គណបក្សកាន់អំណាច ដោយក្រុមយុវជនចាត់ទុកទង្វើរបស់បុគ្គលរូបនេះ គឺបង្កើតឡើងក្នុងគោលនយោបាយ ភូតភរកុហក ប្រជាភិថុត បោកបញ្ឆោតប្រជាជនទូទៅឲ្យជឿលង់មនោគមវិជ្ជាខ្មៅកខ្វក់ដែលអាចឈានទៅបញ្ឆេះឲ្យកើតវិទ្ធង្សនាជាមួយរាជរដ្ឋាភិបាលជាដើម។
ក្រុមយុវជនបានលើកឡើងថា ការបង្កើតបញ្ហា និងធ្វើសកម្មភាពផ្សេងៗរបស់នយោបាយក្រុមប្រឆាំង ឬក្រុមសង្គមស៊ីវិល (NGOs) ដែលជ្រុលនិយម ដែលកើតមានរាប់សិបឆ្នាំមកនេះ មិនដែលបានផ្តល់ផលចំណេញដល់ជាតិ មាតុភូមិនោះទេ ប៉ុន្ដែបែរជាធ្វើឱ្យរាំងស្ទះដល់ការអភិវឌ្ឍជាតិ បំផ្លាញវប្បធម៌នយោបាយល្អៗ ហើយបង្កើតនូវវប្បធម៌នយោបាយអាក្រក់ក្នុងរូបភាពដដែលៗ ដើម្បីបោកមបញ្ឆោត បោកប្រាស់ដល់ប្រជាពលរដ្ឋទៅវិញ។
ក្រុមយុវជនបានអំពាវនាវដល់ប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋាន សិស្ស និស្សិត បញ្ញាវន្ត និងមន្រ្តីរាជការ សូមធ្វើការគាំទ្រស្ថានប័នពាក់ព័ន្ធដើម្បីមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលមន្រ្តីសមាគមរូបនេះ មកដាក់ទោសទណ្ឌតាមផ្លូវច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ខណៈដែលករណីនេះគឺជាមេរៀនមួយទៀតសម្រាប់បុគ្គលដែលកំពុងជ្រកក្រោមឈ្មោះអង្គការ សមាគម សង្គមស៊ីវិលមួយចំនួនគួរកុំយកខ្លួនបៀត និងកុំយកគំរូដូចបុគ្គលរូបនេះឱ្យសោះ។
ក្រុមយុវជនសង្គមស៊ីវិលក៏បាន អំពាវនាវដល់មហាជនកុំបណ្តោយខ្លួនឲ្យជាក្លាយជាឈ្នាន់នយោបាយរបស់ក្រុមសង្គមស៊ីវិលជ្រុលនិយម ដែរអាចបណ្តាលឲ្យក្លាយជាជនរងគ្រោះដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ ជាពិសេសបណ្តាលគណបក្សនយោបាយនៅក្នុងប្រទេសកម្ពុជា រួបរួមគ្នាកម្ចាត់នយោបាយខ្មៅកខ្វក់ជ្រុនិយមឲ្យចេញផុតពីកម្ពុជា៕




