ក្រុមអ្នកពន្លត់អគ្គិភ័យ បានព្យាយាមពន្លត់អណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅកាលពីថ្ងៃអាទិត្យ នៅប្រទេសឈីលីភាគកណ្ដាល ដែលបានឆាបឆេះឡើងកាលពីពីរថ្ងៃមុននេះ ខណៈក្រុមមន្ត្រីបានបន្ថែមបម្រាមគោចរនៅក្នុងទីក្រុងដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយសារចំហេះព្រៃ ហើយបាននិយាយថា មនុស្សយ៉ាងហោចណាស់ ៩៩ នាក់បានស្លាប់។
ភ្លើងបានឆាបឆេះខ្លាំងបំផុតជុំវិញទីក្រុង វីណាឌេលម៉ា(Viña del Mar) ជាទីដែលសួនរុក្ខសាស្ត្រដ៏ល្បីល្បាញ ដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៣១ ត្រូវបានរងការបំផ្លិចបំផ្លាញដោយអណ្តាតភ្លើងកាលពីថ្ងៃអាទិត្យ។ មនុស្សយ៉ាងហោចណាស់១.៦០០ នាក់បាត់បង់ផ្ទះសម្បែង។

ភូមិឋានជាច្រើននៅភាគខាងកើតទីក្រុងវីណាឌេលម៉ា(Viña del Mar) ត្រូវបានអណ្តាតភ្លើងឆេះបំផ្លាញ និងគ្របដណ្ដប់ដោយផ្សែង ធ្វើអោយមនុស្សមួយចំនួនជាប់នៅក្នុងផ្ទះរបស់ពួកគេ។ ក្រុមមន្ត្រីបាននិយាយថា មនុស្ស ២០០នាក់ត្រូគេរាយការណ៍ថាបានបាត់ខ្លួននៅក្នុងទីក្រុង វីណា ឌេល ម៉ា និងតំបន់ជុំវិញនោះ។ទីក្រុងដែលមានមនុស្សរស់នៅប្រមាណ ៣០ម៉ឺននាក់ គឺជារមណីយដ្ឋានឆ្នេរដ៏ពេញនិយមមួយ ហើយថែមទាំងជាទីតាំង សម្រាប់រៀបចំពិធីបុណ្យតន្ត្រីដ៏ល្បីមួយក្នុងអំឡុងពេលរដូវក្តៅនៃអឌ្ឍគោលខាងត្បូងទៀតផង។

កាលពីព្រឹកថ្ងៃអាទិត្យ ប្រធានាធិបតីឈីលី លោកកាព្រីយ៉ែល បូរិច (Gabriel Boric) បានចុះត្រួតពិនិត្យ ស្ថានភាព នៅទីក្រុងឃ្វីលប៉េ(Quilpé) ដែលត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយចំហេះព្រៃ ដែលបានរាយការណ៍ថាមនុស្ស៦៤ នាក់បានស្លាប់ផងដែរ។ នៅពេលរសៀល សេវាវេជ្ជសាស្ត្រកោសល្យវិច្ច័យរបស់ប្រទេសឈីលីបានធ្វើបច្ចុប្បន្នភាពចំនួនអ្នកស្លាប់ឡើងដល់ទៅ ៩៩នាក់ នៅក្នុងសារដែលបានចេញផ្សាយនៅលើបណ្ដាញសង្គម X ។
ទីភ្នាក់ងារនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើគេហទំព័ររបស់ខ្លួនថា យើងសោកស្តាយចំពោះសោកនាដកម្មដែលកំពុងកើតឡើង ហើយយើងសូមចូលរួមរំលែកទុក្ខរបស់យើងទៅកាន់គ្រួសារដែលរងផលប៉ះពាល់ ។ លោក Boric បាននិយាយថាចំនួនអ្នកស្លាប់អាចកើនឡើងនៅពេលដែលក្រុមអ្នកជួយសង្គ្រោះស្វែងរកតាមផ្ទះដែលបានដួលរលំ។ អ្នកខ្លះមកដល់មន្ទីរពេទ្យក៏ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដែរ៕
