ក្រុមចលនាឧទ្ទាមហ៊ូទី(Houthis)របស់ប្រទេសយេម៉ែន បាននិយាយកាលពីថ្ងៃអាទិត្យ ទី ៤ ខែកុម្ភៈ ថា ការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក និងអង់គ្លេស នឹងមិនអាចរារាំងពួកគេបានឡើយហើយបានប្តេជ្ញាឆ្លើយតប បន្ទាប់ពីគោលដៅរាប់សិបកន្លែងត្រូវបានវាយប្រហារជាការសងសឹកចំពោះក្រុមឧទ្ទាមនានាគាំទ្រដោយអ៊ីរ៉ង់ ដែលបើកការវាយប្រហារនៅសមុទ្រក្រហមជាថ្មី។

ការវាយឆ្មក់តាមអាកាសរួមគ្នាក្នុងប្រទេសយេម៉ែនកាលពីល្ងាចថ្ងៃសៅរ៍ ដែលអ៊ីរ៉ង់បានថ្កោលទោសបានធ្វើឡើងបន្ទាប់ពីរលកដាច់ដោយឡែកនៃការវាយប្រហារដោយឯកតោភាគីរបស់អាមេរិកប្រឆាំងនឹងគោលដៅនានាដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយយានដ្រូនដែលបានសម្លាប់ទាហានអាមេរិកបីនាក់នៅហ្ស៊កដានី។

នេះជាលើកទីបីហើយដែលកងកម្លាំងអង់គ្លេស និងអាមេរិក បានរួមដៃគ្នាតម្រង់គោលដៅទៅលើក្រុមឧទ្ទាមហ៊ូទី ដែលការវាយប្រហាររបស់ក្រុមនេះក្នុងបំណងបង្ហាញសាមគ្គីភាពជាមួយប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សាដែលរងការគ្រោះដោយសង្រ្គាម បានរំខានដល់ពាណិជ្ជកម្មពិភពលោក។

សហរដ្ឋអាមេរិក ក៏បានបើកការវាយឆ្មក់តាមអាកាសជាបន្តបន្ទាប់ផងដែរ ប្រឆាំងនឹងក្រុមឧទ្ទាមក្នុងប្រទេសយេម៉ែនដោយខ្លួនឯង ប៉ុន្តែការវាយប្រហាររបស់ក្រុមនេះ លើផ្លូវពាណិជ្ជកម្មសមុទ្រក្រហមដ៏សំខាន់នៅតែបន្តកើតមាន។
សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសដទៃទៀត ដែលផ្តល់ការគាំទ្រសម្រាប់ប្រតិបត្តិការនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារកាលពីថ្ងៃសៅរ៍បានដាក់គោលដៅ ចំនួន ៣៦ របស់ក្រុមហ៊ូទី នៅទូទាំង ១៣ ទីតាំងក្នុងប្រទេសយេម៉ែន ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារបន្តរបស់ក្រុមឧទ្ទាមហ៊ូទី ប្រឆាំងនឹងការដឹកជញ្ជូនអន្តរជាតិ និងពាណិជ្ជកម្ម ព្រមទាំងនាវាកងទ័ពជើងទឹកដែលឆ្លងកាត់សមុទ្រក្រហម ៕