ព្រឹទ្ធសភាសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ (០៤ កុម្ភៈ) បានបង្ហាញច្បាប់សន្តិសុខព្រំដែនទ្វេបក្សចំនួន ១១៨ ពាន់លានដុល្លារ ដែលនឹងផ្តល់ជំនួយដល់អ៊ុយក្រែន និងអ៊ីស្រាអែលផងដែរ បន្ទាប់ពីការចរចាជាច្រើនខែ ប៉ុន្តែវិធានការនេះប្រឈមមុខនឹងភាពមិនច្បាស់លាស់ ស្របពេលមានការប្រឆាំងដោយលោក ដូណាល់ ត្រាំ (Donald Trump) និងក្រុមប្រកាន់ជំហរតឹងនៃគណបក្សសាធារណរដ្ឋ។

មេដឹកនាំភាគច្រើននៃព្រឹទ្ធសភា លោក ឆាក់ ស្ហ៊ូមឺ (Chuck Schumer) បាននិយាយថា លោកនឹងចាត់វិធានការដើម្បីរៀបចំការបោះឆ្នោតដំបូងលើច្បាប់នេះ នៅថ្ងៃពុធ (០៧ កុម្ភៈ) ខាងមុខ។
ប្រសិនបើសេចក្ដីស្នើច្បាប់នេះក្លាយជាច្បាប់ពេញលេញ វានឹងសម្គាល់ការផ្លាស់ប្តូរដ៏សំខាន់បំផុតនៅក្នុងបញ្ហាអន្តោប្រវេសន៍ និងសន្តិសុខព្រំដែនរបស់សហរដ្ឋអាមេរិក ក្នុងរយៈពេលជាច្រើនទសវត្សរ៍។

យោងតាមតួលេខពីសមាជិកព្រឹទ្ធសភាអាមេរិក លោកស្រី ផាតធី មឺរី (Patty Murray) បានឱ្យដឹងថា បន្ថែមពីលើប្រាក់ ២០,២៣ ពាន់លានដុល្លារសម្រាប់សន្តិសុខព្រំដែន សេចក្ដីស្នើច្បាប់នេះរួមបញ្ចូលថវិកា ៦០,០៦ ពាន់លានដុល្លារសម្រាប់គាំទ្រអ៊ុយក្រែន ក្នុងសង្រ្គាមរបស់ខ្លួនជាមួយរុស្ស៊ី និងថវិកា ១៤,១ ពាន់លានដុល្លារជំនួយសន្តិសុខសម្រាប់អ៊ីស្រាអែល ហើយនិង ២,៤៤ ពាន់លានដុល្លារដល់ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក និងជម្លោះនៅសមុទ្រក្រហម ព្រមទាំងថវិកា ៤,៨៣ ពាន់លានដុល្លារសម្រាប់គាំទ្របណ្ដាដៃគូរបស់សហរដ្ឋអាមេរិក នៅក្នុងឥណ្ឌូប៉ាស៊ីហ្វិកប្រឈមមុខនឹងការឈ្លានពានពីប្រទេសចិន។

បន្ថែមពីលើនោះ ថវិកា ១០ ពាន់លានដុល្លារ នឹងផ្តល់ជំនួយមនុស្សធម៌សម្រាប់ជនស៊ីវិលនៅតំបន់ហ្កាហ្សា តំបន់កាន់កាប់ វេសបែង (West Bank) និងនៅក្នុងប្រទេសអ៊ុយក្រែន៕