យោធាអ៊ីស្រាអែល បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ដល់ក្រុមហេសបូឡា និងអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ ខណៈដែលសង្រ្គាមនៅតំបន់ហ្កាហ្សានៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងបញ្ចប់ខែទី៤។

អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល លោក ដាញ៉ែល ហាហា្គរី (Daniel Hagari) បាននិយាយទៅកាន់ក្រុមហេសបូឡា ដោយនិយាយថា អ៊ីស្រាអែលនឹង «ត្រៀមខ្លួនជាស្រេចដើម្បីវាយប្រហារភ្លាមៗ» ប្រសិនបើមានការបង្កហេតុ ប៉ុន្តែបានបញ្ជាក់ថា ពួកគេមិនមានបំណងចង់ធ្វើសង្រ្គាមពេញទំហឹងនោះទេ។

លោកហាហ្គារី បានបន្តថា៖«យើងមិនជ្រើសរើសសង្រ្គាមជាអាទិភាពទី១របស់យើងទេ ប៉ុន្តែយើងពិតជាបានត្រៀមលក្ខណៈ»។ «យើងនឹងបន្តធ្វើសកម្មភាពគ្រប់ទីកន្លែងដែលក្រុមហេសបូឡា មានវត្តមាន យើងនឹងបន្តធ្វើសកម្មភាពគ្រប់ទីកន្លែងដែលវាត្រូវបានទាមទារនៅមជ្ឈិមបូព៌ា។ អ្វីដែលពិតប្រាកដសម្រាប់ ប្រទេសលីបង់ គឺពិតសម្រាប់ ស៊ីរី ហើយក៏ពិតសម្រាប់កន្លែងឆ្ងាយៗផ្សេងទៀតដែរ»។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ូអាវ ហ្គាឡែនធ៍ (Yoav Gallant) បានចេញការព្រមានស្រដៀងគ្នាកាលពីចុងសប្តាហ៍នេះ ដោយនិយាយថា ទោះបីជាអ៊ីស្រាអែលយល់ព្រមបទឈប់បាញ់ជាមួយក្រុមហាម៉ាសក៏ដោយ ក៏កងកម្លាំងការពារអ៊ីស្រាអែល (IDF) នឹងមិនស្ទាក់ស្ទើរក្នុងការវាយប្រហារលើក្រុមហេបូឡាទេ ប្រសិនបើចាំបាច់។
អ៊ីស្រាអែល នឹងប្រារព្ធរយៈពេល៤ខែ ចាប់តាំងពីខ្លួន បានចាប់ផ្តើមយុទ្ធនាការសងសឹករបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស នៅចុងសប្តាហ៍នេះ។ មន្ត្រីអ៊ីស្រាអែល បានព្រមានម្តងហើយម្តងទៀតថា ពួកគេរំពឹងថាសង្រ្គាមនឹងបន្ត «ជាច្រើនខែទៀត»។