សហភាពអឺរ៉ុបកាលពីថ្ងៃសៅរ៍ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍ដែលថា យោធាអ៊ីស្រាអែលមានបំណងធ្វើសមរភូមិរបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាសទៅកាន់ទីប្រជុំជនរ៉ាហ្វា ( Rafah) នៅព្រំដែនហ្កាហ្សាជាមួយអេហ្ស៊ីប ដែលមានមនុស្សជាងមួយលាននាក់ បានរត់គេចពីការប្រយុទ្ធ។

ប្រមុខការទូតរបស់សហភាពអឺរ៉ុប បានព្រមានថា ជម្លោះទំនងជារីករាលដាលពាសពេញតំបន់ លុះត្រាតែមានកិច្ចព្រមព្រៀងឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក បានវាយប្រហារលើទីតាំងរាប់សិបកន្លែង នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ដែលប្រើប្រាស់ដោយកងជីវពលគាំទ្រដោយអ៊ីរ៉ង់ និងឆ្មាំបដិវត្តន៍អ៊ីរ៉ង់។

ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក ចូសិប បូរ៉ែល (Josep Borrell) បាននិយាយថា ប្រជាជនប៉ាឡេស្ទីនប្រហែល មួយលាននាក់ «ត្រូវបានផ្លាស់ទីលំនៅជាបន្តបន្ទាប់នៅតំបន់ព្រំដែនអេហ្ស៊ីប។ ពួកគេបានអះអាងថា ទីនោះ គឺជាតំបន់សុវត្ថិភាព ប៉ុន្តែតាមពិតអ្វីដែលយើងឃើញ គឺការវាយប្រហារដែលប៉ះពាល់ដល់ប្រជាជនស៊ីវិល នៅតែបន្ត ហើយវាកំពុងបង្កើតស្ថានភាពដ៏ធ្ងន់ធ្ងរមួយ»។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក លោក យ៉ូអាវ ហ្គាឡែនធ៍ (Yoav Gallant) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បន្ទាប់ពីកងទ័ពអ៊ីស្រាអែល ដណ្តើមបានទីក្រុងខាន់យូនីស (Khan Younis) ភាគខាងត្បូង ដែលមនុស្សរាប់ម៉ឺននាក់ បានភៀសខ្លួន ពួកគេនឹងបន្តទៅកាន់ទីក្រុងរ៉ាហ្វា។ លោកមិនបានផ្តល់ពេលវេលាកំណត់ទេ។