ប្រជាពលរដ្ឋខ្មែរ នៅប្រទេសថៃ ចេញប្រកាសគាំទ្រជាបន្តបន្ទាប់នៃដំណើរទស្សនកិច្ចទៅប្រទេសថៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅសប្តាហ៍នេះ។
កញ្ញា ញ៉ែម សិលា អាជីវករម្នាក់ដែលកំពុងរស់នៅប្រទេសថៃ បានប្រកាសស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្ត្រី។ វត្តមានរបស់ប្រមុខថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជានេះបានធ្វើឱ្យកញ្ញាដែលឃ្លាតឆ្ងាយពីស្រុកកំណើតសប្បាយរីករាយ។

កញ្ញា ញ៉ែម សិលា៖ “នាងខ្ញុំពិតជាមានសេចក្តីសោមនស្សសប្បាយក្រៃលែង ហើយក្នុងនាមនាងខ្ញុំជាកូនខ្មែរមួយរូបនាងខ្ញុំសូមគាំទ្រសម្តេចឱ្យជោគជ័យក្នុងដំណើរទស្សនកិច្ចនេះ”។

ក្រៅពីនេះ លោកហង្ស បឿន និងក្រុមគ្រួសារទាំងមូលដែលជាពាណិជ្ជកររស់នៅប្រកបមុខរបរនៅទីក្រុង បាងកកប្រទេសថៃក៏សប្បាយចិត្តឥតឧបមាចំពោះដំណើរទស្សនកិច្ច នៃថ្នាក់ដឹកនាំកំពូលរបស់ខ្លួននៅលើទឹកដីប្រទេសថៃដើម្បីបំពេញទស្សនកិច្ចការងារ។
ក្រៅពីពលរដ្ឋទាំងពីរខាងលើនៅមានគ្រួសារខ្មែរ និងពលរដ្ឋខ្មែរជាច្រើននាក់ផ្សេងទៀត បានបង្ហោះសារគាំទ្រដល់ដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាលខ្លួនព្រោងព្រាតលើបណ្តាញសង្គមហ្វេសប៊ុក និងតិកតុកជាដើម។
សូមបញ្ជាក់ថា ការផ្ទុះការគាំទ្រពីសំណាក់ពលរដ្ឋខ្មែរនៅថៃនេះ គឺនៅមុនពេលដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសថៃ នៅថ្ងៃទី៧ ខែកុម្ភៈ ខាងមុខនេះ៕