ក្រុមកសិករអ៊ីតាលី កាលពីថ្ងៃសៅរ៍ (០៣ កុម្ភៈ) បានធ្វើការតវ៉ានៅទូទាំងប្រទេសដើម្បីប្រឆាំងនឹងគោលនយោបាយកសិកម្មរបស់សហភាពអឺរ៉ុប ដោយទាមទារឱ្យសហភាពអឺរ៉ុប និងរដ្ឋាភិបាលអ៊ីតាលី ឆ្លើយតបនឹងការលំបាករបស់ពួកគេក្នុងប្រតិបត្តិការកសិកម្ម។

ត្រាក់ទ័រជាង ៦០ គ្រឿង និងរថយន្តកសិកម្មផ្សេងទៀតបានប្រមូលផ្តុំគ្នានៅទីក្រុង ខាសសេតតា (Caserta) ភាគខាងត្បូង ដែលរំខានដល់ចរាចរណ៍ក្នុងតំបន់។ ក្រុមបាតុករប្រមូលផ្ដុំគ្នាកាន់បដាដើម្បីបង្ហាញពីការលំបាករបស់ពួកគេក្នុងផលិតកម្ម និងការគ្រប់គ្រងកសិកម្ម ព្រមទាំងការមិនពេញចិត្តចំពោះគោលនយោបាយ និងនិយតកម្មកសិកម្មរបស់សហភាពអឺរ៉ុប។

ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ ការតវ៉ារបស់កសិករត្រូវបានរៀបចំឡើងនៅទូទាំងប្រទេស ហើយអ្នករៀបចំបានប្រកាសថាពួកគេនឹងធ្វើបាតុកម្មនៅទីក្រុងរ៉ូម នៅសប្តាហ៍ក្រោយ។ រដ្ឋាភិបាលអ៊ីតាលីបានព្យាយាមសម្រួលជាមួយកសិករ។

នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី ជីអូចា មេឡូនី (Giorgia Meloni) បាននិយាយកាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាលនឹងបង្កើនបន្ថែមទៀតនូវមូលនិធិដែលបានបែងចែកដល់ប្រតិបត្តិករកសិកម្ម ប៉ុន្តែក្រុមបាតុករនៅតែទាមទារឲ្យមានការចរចាជាមួយរដ្ឋាភិបាល៕