ប្រទេសកូរ៉េខាងជើង នៅថ្ងៃចន្ទ (០៥ កុម្ភៈ) នេះបានរិះគន់រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងជុំវិញការព្រមានចុងក្រោយរបស់លោកថា ទីក្រុងព្យុងយ៉ាង នឹងប្រឈមមុខនឹងការបញ្ចប់នៃរបបរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ដែលខ្លួនធ្វើសង្គ្រាម ដោយហៅការលើកឡើងរបស់លោកថាជា «កាតាលីករ» ឬកត្តាជំរុញ សម្រាប់ការប៉ះទង្គិចគ្នាដោយប្រើកម្លាំង។

រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក ស៊ីន វ៉ុនស៊ីក (Shin Won-sik) បានព្រមានកាលពីថ្ងៃទី២៤ ខែមករា ថាទីក្រុងព្យុងយ៉ាង នឹងប្រឈមមុខនឹងការបញ្ចប់នៃរបបរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ដែលខ្លួនធ្វើសង្គ្រាម ប៉ុន្មានម៉ោងបន្ទាប់ពីកូរ៉េខាងជើង បានបាញ់មីស៊ីលតម្រង់គោលដៅជាច្រើនគ្រាប់ចូលទៅក្នុងសមុទ្រលឿង។

នៅក្នុងការអត្ថាធិប្បាយមួយ ទីភ្នាក់ងារសារព័ត៌មានកណ្ដាលរបស់កូរ៉េខាងជើង KCNA បានរិះគន់លោក ស៊ីន លើអ្វីដែលខ្លួនហៅថា «សេចក្តីថ្លែងការណ៍ដ៏អាក្រក់បំផុត» ដែលអាចក្លាយជា «កាតាលីករ» សម្រាប់ការប៉ះទង្គិចគ្នាដោយប្រើកម្លាំង។
កូរ៉េខាងជើងបានព្រមានថា ទីក្រុងសេអ៊ូលគួរតែយល់ពី «ការបង្កាច់បង្ខូច» និង «សមយុទ្ធសង្គ្រាម» របស់ខ្លួនអាចនាំមកនូវហានិភ័យនៃការបញ្ចប់ជោគវាសនារបស់ប្រទេស នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន KCNA ។

ប្រទេសកូរ៉េខាងជើង បាននឹងកំពុងបង្កើនភាពតានតឹងនៅលើឧបទ្វីបកូរ៉េនៅក្នុងឆ្នាំថ្មី ដែលជាឆ្នាំបោះឆ្នោតសម្រាប់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ជាមួយនឹងការធ្វើតេស្តអាវុធ និងវោហាសាស្ត្រពាក្យសម្តីយ៉ាងចាស់ដៃ៕