ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃអាទិត្យ (០៤ កុម្ភៈ) ថាចំនួនអ្នកស្លាប់ប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្តនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប បានកើនឡើងដល់ ២៧.៣៦៥ នាក់ខណៈដែលមនុស្ស ៦៦.៦៣០ នាក់ផ្សេងទៀតបានរងរបួស។

អ្នកនាំពាក្យក្រសួងលោក អាស្រាហ្វ អាល់កេដ្រា (Ashraf Al-Qedra) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ១២៧នាក់ និងបង្ករបួស ១៧៨ នាក់ទៀតនៅក្នុងតំបន់ហ្កាហ្សា។

យោងតាមប្រភពសន្តិសុខប៉ាឡេស្ទីន បានឲ្យដឹងថា ការវាយប្រហារតាមអាកាស និងកាំភ្លើងធំរបស់អ៊ីស្រាអែល បានបន្តនៅក្នុងផ្នែកភាគច្រើននៃតំបន់ហ៊ុមព័ន្ធនេះ ដោយយន្តហោះរបស់ខ្លួនបានកំណត់គោលដៅលើលំនៅឋានរាប់សិបខ្នងនៅទីក្រុង ខាន់ យូនីស (Khan Younis) និងគោលដៅផ្សេងទៀតនៅទីក្រុង រ៉ាហ្វាហ្វ (Rafah) នៅភាគខាងត្បូងនៃតំបន់នោះ។
សាក្សីដែលបានឃើញផ្ទាល់ភ្នែកបាននិយាយថា ការប៉ះទង្គិចគ្នារវាងក្រុមប្រដាប់អាវុធប៉ាឡេស្ទីន និងកងកម្លាំងអ៊ីស្រាអែលនៅតែបន្ត ជាពិសេសនៅក្នុងទីក្រុងហ្កាហ្សា និងផ្នែកជាច្រើននៃភាគខាងជើងហ្កាហ្សា។
យោងតាមអាជ្ញាធរអ៊ីស្រាអែល បានឱ្យដឹងថា ចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ មក អ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការយោធាទ្រង់ទ្រាយធំមួយប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា ដើម្បីសងសឹកប្រឆាំងនឹងការវាយប្រហារដ៏ភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាស លើភាគខាងត្បូងអ៊ីស្រាអែល ដែលបានឆក់យកជីវិតប្រជាជនអ៊ីស្រាអែលប្រហែល ១.២០០នាក់៕