ក្រុមបក្សនយោបាយជាច្រើននៅក្នុងប្រទេសអ៊ីរ៉ាក់ បានចេញសេចក្តីថ្លែងការណ៍ទាមទារឱ្យដកកងកម្លាំងអាមេរិក ចេញពីទឹកដីអ៊ីរ៉ាក់ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់យោធាអាមេរិក ខណៈក្រុមជីវពលមួយចំនួនបានប្រកាសពីចេតនារបស់ពួកគេដើម្បីចាត់វិធានការប្រឆាំងនឹងកងកម្លាំងសហរដ្ឋអាមេរិក។

យ៉ាងហោចណាស់មនុស្សជិត ២០ នាក់បានស្លាប់ និងមនុស្សជាង ៣០ នាក់រងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក ទៅលើទីតាំងរបស់កងកម្លាំងប្រដាប់អាវុធ អាល់ហាស្ហ៍ សាប៊ី (Hashd Shaabi) កាលពីយប់ថ្ងៃសុក្រ នៅភាគខាងលិចប្រទេសអ៊ីរ៉ាក់។

កងជីវពលមួយផ្សេងទៀតនៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលជាក្រុមតស៊ូអ៊ីស្លាមបាននិយាយថា ខ្លួននឹងបន្តប្រតិបត្តិការយោធាប្រឆាំងនឹងទាហានអាមេរិករហូតដល់ពួកគេដកខ្លួនចេញពីអ៊ីរ៉ាក់។
សមាជិកនៃក្រុមនេះក៏បាននិយាយផងដែរថា ដើមហេតុនៃភាពតានតឹងកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា គឺស្ថិតនៅលើវត្តមានយូរអង្វែងរបស់យោធាអាមេរិកនៅក្នុងតំបន់ និងយុត្តាធិការដ៏វែងឆ្ងាយរបស់ខ្លួនលើកិច្ចការមជ្ឈិមបូព៌ា។

រហូតមកដល់ពេលនេះ ក្រុមប្រដាប់អាវុធជាច្រើននៅក្នុងប្រទេសអ៊ីរ៉ាក់ បានប្ដេជ្ញាថានឹងឆ្លើយតបទៅនឹងសកម្មភាពយោធារបស់កងកម្លាំងសហរដ្ឋអាមេរិក។ លើសពីនេះ បក្សពួកនយោបាយអ៊ីរ៉ាក់ និងជនស៊ីវិលមួយចំនួនធំកំពុងអំពាវនាវឱ្យរដ្ឋាភិបាលអ៊ីរ៉ាក់ចាត់វិធានការជាបន្ទាន់ និងបណ្តេញយោធាអាមេរិកចេញពីប្រទេសរបស់ពួកគេ៕