ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវទៅដល់គ្រឹះស្ថានអប់រំឯកជននានា បង្កើនការបង្រៀនការសសេរ ការអានភាសាខ្មែរដល់សិស្សានុសិស្ស ដើម្បីលើកជួយលើកកម្ពស់ អក្សរសាស្ត្រជាតិ ។
ក្នុងពិធីសម្ពោធសាលារៀនអារីហ្សូនសាខាឫស្សីកែវថ្មី នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ មានប្រសាសន៍ថា ក្រសួងអប់រំកំពុងពង្រឹងនូវគុណភាព នៃការអប់រំនៅកម្ពុជា ក៏ដូចជាសីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និងឥរិយាបថល្អរបស់បុគ្គលិកអប់រំ និងសិស្សានុសិស្ស ក៏ដូចជាការពិនិត្យកែសម្រួលកម្មវិធីសិក្សា សកម្មភាពក្រៅម៉ោងសិក្សា ដើម្បីពង្រឹងទាំងចំណេះដឹង វិន័យ វិជ្ជាសម្បទា ចរិយាសម្បទា ក៏ដូចជាបំណិនសម្បទាផងដែរ ។
ឯកឧត្តម បានបន្ថែមថា ក្រសួងអប់រំ ក៏សូមលើកទឹកចិត្តសហការ ក្នុងការអនុវត្តនូវការអប់រំ តាមបែបព្រះពុទ្ធសាសនានៅក្នុងសាលារៀន ដើម្បីលើកកម្ពស់ចរិយាសម្បទា និងយល់ដឹងពីវប្បធម៌ ក៏ដូចជាពីសាសនា បន្តលើកកម្ពស់នូវសុខភាពសិស្ស និងជំរុញដល់មាតាបិតា អាណាព្យាបាលសិស្ស ក្នុងការធ្វើជាដៃគូ ដើម្បីការអប់រំ ។
ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណសាលារៀនអារីហ្សូន ដែលបានចូលរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្ស ពីកម្រិតមត្តេយ្យ ដល់ថ្នាក់ទី១២ រាប់ពាន់ម៉ឺននាក់រួចមកហើយ និងសូមលើកទឹកចិត្តពង្រីកសាខាបន្ថែមទៀត និងឈានដល់បង្កើតនូវថ្នាក់ឧត្តមសិក្សាផងដែរ។
ឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង ជាស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិស្ថាប័នអប់រំ អេជី លើកឡើងថា បន្ទាប់ពីបានឆ្លងកាត់បទពិសោធជិតសាមសិបឆ្នាំ លើវិស័យអប់រំឯកជន ស្ថាប័នអប់រំអេជី ពិតជាបានចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍមូលធនមនុស្ស ស្របទៅតាមគោលនយោបាយអប់រំ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអប់រំយុវជន និងកីឡា ជាសេនាធិការ ដោយឈរលើល្អបីយ៉ាងពោល គឺគ្រប់គ្រងល្អ បង្រៀនល្អ និងរៀនល្អ ។
លោកឧកញ៉ាវេជ្ជបណ្ឌិត បានបន្ថែមថា សាលារៀនអារីហ្សូន ផ្ដោតការសិក្សាលើកម្មវិធីជាតិ ប្រទេសសឹង្ហបុរី និងចិន ហើយបេសកកម្មជាបន្តសាលារៀនធានាឱ្យបានការផ្ដល់នូវសេវាអប់រំប្រកដោយគុណភាពខ្ពស់ ដល់សិស្សានុសិស្សចាប់ពីអាយុ៣ឆ្នាំឡើងទៅ, មានឆន្ទៈខ្ពស់ក្នុងការធ្វើបច្ចុប្បន្នភាព និងទំនើបកម្មវិធីសិក្សា វិធីសាស្រ្តបង្រៀន និងរៀននាសតវត្សទី២១, សិស្សត្រូវបានបណ្ដុះនូវវិជ្ចាសម្បទា បំណិនសម្បទា និងចរិតយាសម្បទាជាចម្បង, ធានាឱ្យមានវឌ្ឍនភាពទាំងសេវាអប់រំ និងធនធានហិរញ្ញវត្ថុ និងបុគ្គលិកនិយោជិតគ្រប់រូប និងទទួលបាននូវកាលានុវត្តភាពទាំងការអភិវឌ្ឍន៍សមត្ថភាពវិជ្ជាជីវៈ និងធនធានហិរញ្ញវត្ថុ៕ អត្ថបទ៖ បាន សុខរិទ្ធិ