
កំពត៖ ស្ថានភាពអ្នកឆ្លងជំងឺកូវីដ១៩ នៅខេត្តកំពតកាន់តែរីករាលដាលបាច់សាចច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។ រយៈពេលមួយខែគត់ ក្រោយផ្ទុះការឆ្លងនៅកាស៊ីណូតំបន់តន់ហន់ ខេត្តកំពតមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបជាងមួយពាន់ប្រាំរយនាក់ដោយរាប់បញ្ចូលទាំងអ្នកវិជ្ជមានកូវីដ-១៩ថ្មី ៩២នាក់ នៅថ្ងៃទី ៣០ ខែមិថុនានេះផង។
ខេត្តកំពត បានចូលរួមទប់ស្កាត់ការឆ្លងរីករាលដាល់ជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរនាពេលកន្លងមក ហើយទូទាំងខេត្តស្ទើរគ្មានអ្នកកើត ជំងឺកូវីដ១៩។
ប៉ុន្តែ ក្រោយពេលផ្ទុះការឆ្លងរីករាលដាលនៅកាស៊ីណូតំបន់ច្រកទ្វារព្រំដែនទ្វេភាគីតន់ហន់ និងច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក រហូតមកដល់ថ្ងៃនេះ គឺមួយខែគត់ដែលខេត្តកំពតចាប់ផ្តើមរកឃើញអ្នកវិជ្ជមានកូវីដ-១៩ មិនដែលដាច់ និងចេះតែកើនឡើងជាលំដាប់។
ជាក់ស្តែង នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ យោងតាមលទ្ធផល នៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ និងសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តកំពត បានប្រកាសថា រកឃើញអ្នកវិជ្ជមានថ្មីចំនួន ៩២នាក់បន្ថែមទៀត ក្នុងនោះស្រី ៦៧នាក់។ ដូច្នេះរយៈពេលមួយខែគត់ ខេត្តកំពតមានអ្នកឆ្លងសរុប ១៥១៩នាក់។ ក្នុងនោះ ជាសះស្បើយ ៩៥៣នាក់ កំពុងសម្រាកព្យាបាល ៥៤៩នាក់ និងស្លាប់ចំនួន ១៧នាក់។
អាជ្ញាធរខេត្តកំពត នៅតែបន្តអំពាវនាវឱ្យអ្នកដែលធ្លាប់ពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ខាងលើ សូមធ្វើចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវចូលរួមដោយស្ម័គ្រចិត្តក្នុងការយកសំណាកទៅពិនិត្យ ក្នុងករណីសង្ស័យថា មានរោគសញ្ញានៃជំងឺកូវីដ-១៩៕