អ្នករាយការណ៍ព័ត៌មាន Reuters បាននិយាយថា កងកម្លាំងសន្តិសុខប្រទេសសេណេហ្គាល់ បានប្រើប្រាស់ឧស្ម័នបង្ហៀរទឹកភ្នែក ដើម្បីបំបែកហ្វូងមនុស្ស ដែលបានមកប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានី Dakar កាលពីថ្ងៃអាទិត្យ ដើម្បីតវ៉ាប្រឆាំងការពន្យារពេលការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី ២៥ ខែកុម្ភៈ។

ប្រធានាធិបតី លោក Macky Sall បានប្រកាសកាលពីថ្ងៃសៅរ៍ថា ការបោះឆ្នោតនឹងត្រូវបានពន្យារពេលដល់កាលបរិច្ឆេទដែលពុំបានបញ្ជាក់ ដោយសារតែជម្លោះជុំវិញបញ្ជីឈ្មោះបេក្ខជន ជាចំណាត់ការមួយដែលគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលមួយចំនួន បានរិះគន់ថាជា «រដ្ឋប្រហារស្ថាប័ន»។
នៅក្នុងសញ្ញាដំបូង នៃការរុញច្រានប្រឆាំងការពន្យារពេលនៅតាមដងផ្លូវ ក្រុមអ្នកតវ៉ាប្រហែល ២០០ នាក់ បានរារាំងចរាចរណ៍នៅលើផ្លូវធំមួយក្នុងទីក្រុង Dakar ដោយមានរបាំងនៃការដុតសំបកកង់រថយន្ត។

ហ្វូងមនុស្ស បានដកថយទៅតាមចិញ្ចើមផ្លូវ បន្ទាប់ពីនគរបាលបង្ក្រាបកុបកម្ម បានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក និងចាប់ផ្តើមចាប់ខ្លួនអ្នកតវ៉ា។
ប្រទេសសេណេហ្គាល់ ពុំដែលពន្យារពេលការបោះឆ្នោតប្រធានាធិបតី និងភាពមិនច្បាស់លាស់ អំពីអ្វីដែលកើតឡើងនៅពេលបន្ទាប់នោះទេ ដែលគំរាមកំហែងដល់ភាពចលាចលស៊ីវិល ដូចជាការតវ៉ាខ្លាំងក្លា ប៉ុន្មានឆ្នាំថ្មីៗនេះ ដែលបានធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ខ្លួន ជាប្រទេសលទ្ធិប្រជាធិបតេយ្យ មានស្ថិរភាពបំផុតមួយនៅអាហ្វ្រិកខាងលិច។