ប្រធានាធិបតី លោក Nayib Bukele កាលពីថ្ងៃអាទិត្យ បានប្រកាសថាខ្លួនលោក ថាជាអ្នកទទួលជ័យជម្នះភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតប្រទេស អែល សាវ៉ាឌ័រ ដោយអះអាងថា លោកទទួលបានច្រើនជាង ៨៥ ភាគរយនៃសន្លឹកឆ្នោត ទោះបីជាមន្ត្រីបោះឆ្នោត ពុំទាន់បានបញ្ចេញលទ្ធផលណាមួយក៏ដោយ។

លោក Bukele ទទួលបានការគាំទ្រខ្លាំង ក្នុងការទទួលជ័យជម្នះអាណត្តិ៥ឆ្នាំទៀត ខណៈអ្នកបោះឆ្នោតភាគច្រើនបានទុកមួយឡែកនូវការព្រួយបារម្ភ អំពីការបាត់បង់លទ្ធិប្រជាធិបតេយ្យ ដើម្បីផ្តល់ឱកាសដល់លោកសម្រាប់ការបង្ក្រាបក្រុមជនអន្ធពាលដ៏ឃោឃៅ ដែលបានធ្វើអោយសន្តិសុខប្រសើរឡើង នៅក្នុងប្រទេសអាមេរិកកណ្តាលមួយនេះ។

លោក Bukele អាយុ ៤២ ឆ្នាំបាននិយាយថាគណបក្ស ញូវ អាយឌៀ(New Ideas) របស់លោក ក៏បានទទួលតួនាទីតំណែងយ៉ាងហោចណាស់ ៥៨អសនៈ នៅក្នុងសភានីតិប្បញ្ញត្តិដែលមាន ៦០ អាសនៈរបស់ប្រទេសអែលសាវ៉ាឌ័រ ដោយលើកឡើងពីព័ត៌មានមិនទាន់ជាក់លាក់ ដែលលោកទទួលបាន។ មន្ត្រីរៀបចំការបោះឆ្នោត ពុំទាន់ធ្វើអត្ថាធិប្បាយអំពីលទ្ធផលនេះនៅឡើយ។ មណ្ឌលបោះឆ្នោត បានបិទនៅម៉ោង៥ល្ងាច ប្រហែលពីរម៉ោងមុនពេល លោក Bukele អះអាងទទួលបានជ័យជម្នះ។ បច្ចុប្បន្ន លោក Bukele ហាក់ទំនងជាត្រៀមខ្លួនដើម្បីក្លាយជាប្រធានាធិបតីអែលសាវ៉ាឌ័រ ដំបូងគេក្នុងរយៈពេលជិតមួយសតវត្សរ៍មកនេះ ដែលបានជាប់ឆ្នោតជាថ្មី។
លោក Bukele មានប្រជាប្រិយភាពខ្លាំង បានធ្វើយុទ្ធនាការលើភាពជោគជ័យនៃយុទ្ធសាស្រ្តសន្តិសុខរបស់លោក ដែលអាជ្ញាធរ បានផ្អាកសេរីភាពស៊ីវិល ដើម្បីចាប់ខ្លួនពលរដ្ឋអែលសាវ៉ាឌ័រ ជាង ៧៥.០០០នាក់ ដោយគ្មានបទចោទប្រកាន់។ ការឃុំខ្លួន បាននាំឱ្យមានការថយចុះយ៉ាងគំហុក នៃអត្រាឃាតកម្មនៅទូទាំងប្រទេស និងបានប្រែក្លាយប្រទេសមានប្រជាជន ៦,៣ លាននាក់ ដែលធ្លាប់ជាប្រទេសគ្រោះថ្នាក់បំផុតលើពិភពលោក។