អ្នកនិពន្ធជនជាតិអូស្ត្រាលី លោក យ៉ាង ហេងជុន (Yang Hengjun) ត្រូវបានព្យួរទោសប្រហារជីវិតដោយតុលាការចិន នៅថ្ងៃចន្ទ (០៥ កុម្ភៈ) នេះ រយៈពេល ៥ ឆ្នាំបន្ទាប់ពីលោកត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទធ្វើចារកម្ម។ ការព្យួរទោសនេះអាចនឹងត្រូវកាត់ឱ្យលោកជាប់ពន្ធនាគារអស់មួយជីវិតបន្ទាប់ពីរយៈពេលពីរឆ្នាំ នេះបើយោងតាមក្រុមមន្ត្រីអូស្ត្រាលី។

លោកបណ្ឌិត យ៉ាង ដែលជាអ្នកប្រាជ្ញ និងជាអ្នកនិពន្ធប្រលោមលោកដែលបានសរសេរប្លុកអំពីកិច្ចការរបស់ចិន បានបដិសេធការចោទប្រកាន់នេះ ដែលមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈ។ រដ្ឋាភិបាលអូស្ត្រាលីនិយាយថា ខ្លួនមានការ «រន្ធត់» ចំពោះការសម្រេចចិត្តរបស់ទីក្រុងប៉េកាំង។
លោកបណ្ឌិត យ៉ាង ដែលពីមុនធ្លាប់បម្រើការនៅក្រសួងសន្តិសុខរដ្ឋរបស់ប្រទេសចិន ត្រូវបានគេដាក់រហ័សនាមថា «អ្នកដើរតាមលទ្ធិប្រជាធិបតេយ្យ» ប៉ុន្តែការសរសេររបស់លោកជារឿយៗជៀសវាងការរិះគន់ចំៗទៅលើរដ្ឋាភិបាលចិន។

បុរសវ័យ ៥៧ឆ្នាំរូបនេះ ត្រូវបានស្ទាក់ចាប់ខ្លួននៅអាកាសយានដ្ឋានទីក្រុង ក្វាងចូវ (Guangzhou) កាលពីខែមករា ឆ្នាំ២០១៩ ហើយត្រូវបានចោទប្រកាន់ពីបទចារកម្ម។ សំណុំរឿងរបស់លោក ភាគច្រើនត្រូវបានលាតត្រដាងនៅពីក្រោយការកាត់ទោសបិទទ្វារចាប់តាំងពីពេលនោះមក រួមទាំងការកាត់ក្តីសម្ងាត់នៅឆ្នាំ ២០២១។
ក្រុមមន្ត្រីអូស្ត្រាលីពីមុនបានលើកឡើងពីការព្រួយបារម្ភចំពោះការកាត់ទោសលើរូបលោក ប៉ុន្តែក្រសួងការបរទេសចិន បានព្រមានពួកគេមិនឱ្យជ្រៀតជ្រែកក្នុងសំណុំរឿងនេះ និងទទូចឲ្យគោរព «អធិបតេយ្យភាពតុលាការ» របស់ប្រទេសចិន៕