បេក្ខភាពប្រធានាធិបតីរបស់ប្រទេសឥណ្ឌូនេស៊ី ហាក់មានការផ្សះផ្សាគ្នាខុសប្លែកពីធម្មតានៅក្នុងការជជែកដេញដោលតាមទូរទស្សន៍ចុងក្រោយបង្អស់ ខណៈដែលការប្រកួតប្រជែងដ៏ក្តៅគគុកដើម្បីដឹកនាំប្រទេសប្រជាធិបតេយ្យដ៏ធំបំផុតទីបីរបស់ពិភពលោកមួយនេះឈានចូលដល់ដំណាក់កាលចុងក្រោយរបស់ខ្លួន។

នៅមុនការបោះឆ្នោតថ្ងៃទី១៤ ខែកុម្ភៈ រដ្ឋមន្ត្រីការពារជាតិ និងបេក្ខជនប្រធានាធិបតីនាំមុខ លោក ប្រាបូវ៉ូ ស៊ូបៀនតូ (Prabowo Subianto) អតីតអភិបាលក្រុងហ្សាកាតា លោក អានីស៍ បាស្វេដាន (Anies Baswedan) និងអតីតអភិបាលខេត្តជ្វា លោក ហ្កានចា ប្រាណូវ៉ូ (Ganjar Pranowo) បង្ហាញភាពស្និទ្ធស្នាល មិនដូចការជជែកដេញដោលគ្នាពីមុន ដែលការវាយប្រហារពាក្យសម្ដីយ៉ាងខ្លាំងក្លាចង្អុលទៅលើបេក្ខជននាំមុខ។

លោករដ្ឋមន្ត្រី ប្រាបូវ៉ូ កំពុងប្រកួតក្នុងការបោះឆ្នោតជាមួយកូនប្រុសរបស់ប្រធានាធិបតីដែលជិតផុតអាណត្តិ លោក ចូកូ វីដូដូ (Joko Widodo) ដែលជាការពិតមួយបានធ្វើឱ្យប្រជាជនឥណ្ឌូនេស៊ីព្រួយបារម្ភអំពីការជ្រៀតជ្រែកផ្នែកនយោបាយ និងការងើបឡើងវិញនៃនយោបាយរាជវង្សនៅក្នុងលទ្ធិប្រជាធិបតេយ្យវ័យក្មេងមួយនេះ។
លោកអតីតអភិបាលខេត្តជ្វា ហ្កានចា បានជំរុញអ្នកបោះឆ្នោតឱ្យប្រយុទ្ធប្រឆាំងនឹងនយោបាយរាជវង្ស ដោយនិយាយថាផលប្រយោជន៍របស់គ្រួសារត្រូវបានផ្តល់អាទិភាពលើសពីបញ្ហាប្រទេសជាតិ។ ទន្ទឹមនឹងនេះ លោកអតីតអភិបាលក្រុងហ្សាកាតា អានីស៍ បានរិះគន់អ្វីដែលលោកពណ៌នាថាជានយោបាយនៃកម្មវិធីជំនួយសង្គមរបស់រដ្ឋាភិបាលរបស់លោក ប្រាបូវ៉ូ ប៉ុន្តែរដ្ឋាភិបាលបានបដិសេធថាមិនមានបេក្ខជនណាម្នាក់ដែលទទួលបានអត្ថប្រយោជន៍ពីកម្មវិធីនេះ៕