កម្ពុជានឹងប្តេជ្ញាគាំទ្រដល់ភាគីឡាវឱ្យអស់ពីលទ្ធភាព ក្នុងការបោសសម្អាតមីន និងអនុវត្តតាមបទដ្ឋានរបស់អនុសញ្ញាអូតាវ៉ា។ជាមួយគ្នានោះ កម្ពុជាក៏បានស្នើសុំឱ្យប្រទេសឡាវពិចារណាចូលរួមជារដ្ឋភាគីទី ១៦៥ នៃអនុសញ្ញាអូតាវ៉ា ក្នុងខណៈដែលកម្ពុជាកំពុងធ្វើជាប្រធាន និងម្ចាស់ផ្ទះនោះ។

ការប្តេជ្ញាជួយដល់ឡាវពីសំណាក់កម្ពុជាយ៉ាងដូច្នេះ ធ្វើឡើងក្នុងខណៈឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីនបានទទួលជួបពិភាក្សាជាមួយឯកឧត្តម ប៊ូកែវ ភូមិវង្សសាយ (Buakeo Phum vongsay )ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅកម្ពុជា នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន។

ក្នុងជំនួបនោះ ក្នុងនាមជាប្រធានកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ឯកឧត្តមបណ្ឌិត លី ធុជ បានស្នើសុំឱ្យប្រទេសឡាវពិចារណាចូលរួមជារដ្ឋភាគីទី ១៦៥ នៃអនុសញ្ញាអូតាវ៉ា ក្នុងខណៈដែលកម្ពុជាធ្វើជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាបអង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ក្នុងខែវិច្ឆិកា ខាងមុខ។

ឯកឧត្តម ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានបញ្ចាក់ប្រាប់ខាងភាគីឡាវទៀតថា ក្នុងនាមកម្ពុជាជាប្រធាន កម្ពុជានឹងខិតខំកៀរគរធនធាន និងស្វែងរកកិច្ចសហប្រតិបត្តិការ និងជំនួយពីដៃគូអភិវឌ្ឍន៍ និងម្ចាស់ជំនួយនានា ដើម្បីគាំទ្រដល់សកម្មភាពបោសសម្អាតមីនរបស់ប្រទេសឡាវ ក្នុងករណីដែលប្រទេសឡាវបានចូលរួមជារដ្ឋភាគីអនុសញ្ញា។ កម្ពុជានឹងប្តេជ្ញាគាំទ្រដល់ភាគីឡាវឱ្យអស់ពីលទ្ធភាព ក្នុងការបោសសម្អាតមីននិងអនុវត្តតាមបទដ្ឋានរបស់អនុសញ្ញាអូតាវ៉ា។ ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត លី ធុជ ក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់ឡាវក្នុងសកម្មភាពបោសសម្អាតគ្រាប់បែកចង្កោម ផងដែរ។

ឯកឧត្តម ប៊ូកែវ ភូមិវង្សសាយ បានអបអរសាទរដល់កម្ពុជាដែលទទួលបានការជ្រើសតាំងជាប្រធាន និងម្ចាស់ ផ្ទះកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥នៃអនុសញ្ញាអូតាវ៉ា និងកោតសរសើរខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងនាមជាប្រធាន។ ជាការឆ្លើយតបនឹងសំណើរបស់កម្ពុជាឯកឧត្តមនឹងធ្វើសេចក្តីរាយការណ៍និងលើកសំណើបន្តទៅរដ្ឋាភិបាលនៃប្រទេសឡាវ ដើម្បីធ្វើការពិចារណា។ ទន្ទឹមនឹងនោះឯកអគ្គរដ្ឋទូតឡាវប្រចាំនៅកម្ពុជារូបនេះក៏បានកត់សំគាល់ថា ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ គឺជាព្រឹត្តិការណ៍អន្តរជាតិដ៏ធំមួយដែលកម្ពុជានឹងរៀបចំហើយប្រជាជនជុំវិញពិភពលោក នឹងមកទស្សនាខេត្ត សៀមរាប តាមរយៈការចូលរួមសន្និសីទអន្តរជាតិនៃអនុសញ្ញាអូតាវ៉ា ដើម្បីជំរុញពិភពលោកមួយដែលគ្មានមីន។ ហើយប្រទេសឡាវបានត្រៀមខ្លួនជាស្រេច ក្នុងការចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នៃអនុសញ្ញាអូតាវ៉ា ដែលនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនោះ៕ អត្ថបទ៖ ភារម្យ


