បាល់ទាត់៖ ខ្សែការពារមានកាយសម្បទាល្អ ញឹម លីហួរ បានប្ដេជ្ញានឹងបន្ដការខិតខំប្រឹងប្រែង ដើម្បីរក្សាកៅអីជម្រើសជាតិ ទោះបីការជាប់លើកដំបូងក្នុងការប្រកួតសេសសល់ ៣ប្រកួតចុងក្រោយនៃវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2022 នៅប្រទេសបារ៉ែន កាលពីពេលថ្មីៗរូបគេពុំបានលេងក៏ដោយ។
កំពែងការពារដ៏រឹងមាំរបស់ក្លិបបាល់ទាត់ខេត្តព្រៃវែងរូបនេះបានបញ្ជាក់ថា ទោះបីខ្លួនពុំបានលេងក្នុងបេសកកម្មដ៏ធំនេះ តែរូបគេបានទទួលបទពិសោធន៍ល្អៗជាច្រើនពីរៀមច្បង និងគ្រូបង្វឹក។ ហេតុនេះ លីហួរ សង្ឃឹមថា នឹងខំប្រឹងដើម្បីមានឱកាសជាប់ជម្រើសជាតិក្រុមធំ និងមានឱកាសលេងនាពេលក្រោយទៀត។ គួរដឹងថា ញឹម លីហួរ ត្រូវបានកោះហៅចូលរួមក្រុមជម្រើសជាតិកម្ពុជា(ក្រុមធំ) លើកដំបូងក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Ryu Hirose និងអ្នកចាត់ការទូទៅលោក Keisuke Honda ជាមួយកីឡាករវ័យក្មេងខេត្តព្រៃវែង ៣រូបផ្សេងទៀត រួមមានកីឡាករ វុធ តុលា, ស រតនា និង ឡេង ណូរ៉ា ក៏ដូចជាកីឡាករភ្នំពេញក្រោន លឹម ពិសុទ្ធ ផងដែរ៕
អត្ថបទ៖ លី ឈុនឡា