
អ្នកនាំពាក្យនិយាយថា អង្គការសហប្រជាជាតិ កំពុងបង្កើនការព្រមានអំពីវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរដែលកំពុងកើតឡើងនៅក្នុងប្រទេសអេត្យូពី ដោយសារគ្រោះរាំងស្ងួតជំរុញដោយបាតុភូតអែលនីញ៉ូ(El Nino) ។ លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានបញ្ជាក់អំពីស្ថានភាពធ្ងន់ធ្ងរ ក្នុងអំឡុងសន្និសីទសារព័ត៌មាន ដោយបញ្ជាក់ថា នៅក្នុងប្រទេសអេត្យូពី ផលប៉ះពាល់នៃគ្រោះរាំងស្ងួតជំរុញដោយបាតុភូត អែលនីញ៉ូ(El Nino) កំពុងបំផ្លាញសហគមន៍នៅក្នុងតំបន់ អាហ្វា(Afar), អាំហារ៉ា(Amhara), ទីក្រេ(Tigray) និងតំបន់ អូរ៉ូមៀ(Oromia) ព្រមទាំងតំបន់ប្រជាជនអេត្យូពីភាគខាងត្បូង និងភាគនិរតី។ លោកបាននិយាយលម្អិត អំពីផលវិបាកធ្ងន់ធ្ងរដែលកំពុងប្រឈមមុខ រួមមាន ការខ្វះខាតទឹកធ្ងន់ធ្ងរ វាលស្មៅស្ងួត និងការប្រមូលផលថយចុះ ដែលកំពុងប៉ះពាល់ដល់អាយុជីវិតមនុស្សរាប់លាននាក់ និងសត្វពាហៈនៈ ដោយមានរបាយការណ៍អំពីអសន្តិសុខស្បៀង និងការកើនឡើងកង្វះអាហារូបត្ថម្ភ។ លោក Dujarric បានចែករំលែកការយល់ដឹងពីសេចក្តីថ្លែងការណ៍រួមរបស់អង្គការសហប្រជាជាតិ និងរដ្ឋាភិបាលប្រទេសអេត្យូពី ដែលបានបញ្ជាក់លើ តម្រូវការបន្ទាន់សម្រាប់មូលនិធិ ដើម្បីឆ្លើយតបទៅនឹងអសន្តិសុខស្បៀងនៅទូទាំងតំបន់ខ្ពង់រាបភាគខាងជើង។ លោក បានបញ្ជាក់ពីការរកឃើញនៃការវាយតម្លៃរួមគ្នាកាលពីពេលថ្មីៗនេះ ដោយលើកឡើងថា ចំនួនប្រជាជនមានអសន្តិសុខស្បៀងធ្ងន់ធ្ងរ នឹងបន្តកើនឡើងក្នុងរយៈពេល២ទៅ៣ខែខាងមុខទៀត ដោយឈានដល់កម្រិតខ្ពស់ចំនួន ១០,៨ លាននាក់ ដែលចាប់ពីខែកក្កដា ដល់ ខែកញ្ញា។ ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា «ស្ថានភាពបច្ចុប្បន្ន ពុំទាន់បង្ហាញពីពីស្ថានភាពដូចទុរ្ភិក្សនៅឡើយទេ»។ ទោះបីជាមានទស្សនវិស័យមិនល្អក៏ដោយ លោក បានលើកឡើងពីឱកាសសម្រាប់ការផ្លាស់ប្តូរជាវិជ្ជមាន ដោយអះអាងថា មានឱកាសដើម្បីបញ្ចៀសគ្រោះមហន្តរាយមនុស្សធម៌ធ្ងន់ធ្ងរ តាមរយៈការផ្តល់មូលនិធិបន្ថែម ដើម្បីពង្រីកជាបន្ទាន់ និងរក្សាកិច្ចខិតខំប្រឹងប្រែងឆ្លើយតប។