ភ្នំពេញ ៖ មេធាវី៣រូប តំណាងឱ្យគណបក្សប្រជាជនកម្ពុជា បានសម្រេចប្ដឹងលោក ស៊ឹង សែនករុណា ទៅតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីបានផ្ដល់សម្ភាសន៍ដល់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី នូវចេតនាបំភ្លៃផ្ទុយពីការពិត។
មេធាវី សាំង វណ្ណៈ មេធាវី ផូ សុធាផល មេធាវី ម៉ម ចាន់ណែត ដែលជាមេធាវីតំណាង គណបក្សប្រជាជនកម្ពុជា បានដាក់ពាក្យបណ្ដឹងប្ដឹង លោក ស៊ឹង សែនករុណា ដែលជាអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុកចូលដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយនៅរសៀលនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
បណ្ដឹងរបស់មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា បានស្រង់នូវខ្លឹមសារសម្ភាសន៍របស់លោក ស៊ឹង សែនករុណា ជាមួយនឹងសារព័ត៌មាន ឌឹ ខេមបូឌា ដេលី កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ និងបានជម្រាបជូនព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញថា ខ្លឹមសារនោះស្តែងចេញនូវចេតនាបំភ្លៃផ្ទុយពីការពិតថា គណបក្សប្រជាជនកម្ពុជា ប្រើប្រព័ន្ធតុលាការមកដោះស្រាយ និងតែងតែយកតុលាការមកធ្វើជារបាំងក្នុងការគាបសង្កត់ដៃគូនយោបាយប្រឆាំងរបស់ខ្លួន ព្រមទាំងប្រើប្រាស់វប្បធម៌គំរាមកំហែងដៃគូនយោបាយរបស់ខ្លួន ដែលពាក្យពេចន៍អះអាងបំផ្លើសទាំងនេះ ជាអំពើទុច្ចរិត ក្នុងចេតនាទម្លាក់កំហុសដោយអសុទ្ធចិត្ត និងមូលបង្កាច់នាំឱ្យប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់កិត្តិយសរបស់គណបក្សប្រជាជនកម្ពុជា។ ជាងនេះទៀត ការប្រព្រឹត្តរបស់បុគ្គលរូបនេះ ជាអំពើបង្កចលាចល ញុះញង់បង្កើតឱ្យមានការស្អប់ រើសអើងចំពោះគណបក្សប្រជាជនកម្ពុជា និងមានចេតនាធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤ នាពេលដ៏ខ្លីខាងមុខនេះ។
ក្នុងនាមជាមេធាវីតំណាងគណបក្សប្រជាជនកម្ពុជា មេធាវីទាំង៣រូប បានប្តឹង និងសំណូមពរដល់ព្រះរាជអាជ្ញាឱ្យធ្វើការពិនិត្យសម្រេចចោទប្រកាន់ និងផ្តន្ទាទោសលើឈ្មោះ ស៊ឹង សែនករុណា តាមច្បាប់ និងនីតិវិធីជាធរមាន និងទាមទារឱ្យឈ្មោះ ស៊ឹង សែនករុណា សងសំណងជំងឺចិត្តជូនគណបក្សប្រជាជនកម្ពុជា ចំនួន ពីរពាន់លានរៀល ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា