
ការប្រកួតប្រជែងដណ្ដើមកៅអីសេតវិមានឆ្នាំ២០២៤ ប្រឈមនឹងលទ្ធភាពពីការកើតមានព័ត៌មានមិនពិតដែលដំណើរការដោយបញ្ញាសិប្បនិម្មិត (AI) ដោយការហៅទូរស័ព្ទរូបយន្តដែលក្លែងបន្លំជាប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើឲ្យមានការជូនដំណឹងពិសេសរួចហើយអំពីការក្លែងបន្លំសំឡេង។
សារទូរស័ព្ទបាននិយាយថា «ក្រុមនិយាយកុហក» ដោយបន្លំនិយាយពាក្យអសុរោះជាសំឡេងរបស់លោក Biden លក្ខណៈឌីជីថល ហើយបានបន្លឺឡើងវិញនូវឃ្លាមួយរបស់លោក។ ការហៅទូរស័ព្ទរូបយន្តនោះបានជំរុញឲ្យអ្នកស្រុករដ្ឋ New Hampshire កុំទៅបោះឆ្នោត នៅក្នុងការបោះឆ្នោតបឋមរបស់គណបក្សប្រជាធិបតេយ្យ កាលពីខែមុន ដោយជំរុញឲ្យអាជ្ញាធររដ្ឋចាប់ផ្តើមស៊ើបអង្កេតលើការគៀបសង្កត់អ្នកបោះឆ្នោត។
ការហៅទូរស័ព្ទនេះក៏បានបង្កឲ្យមានការទាមទារពីអ្នកធ្វើយុទ្ធនាការ ដើម្បីឲ្យមានការទប់ស្កាត់តឹងរ៉ឹងជាងមុន ជុំវិញឧបករណ៍ AI ឬដាក់បម្រាមទាំងស្រុងលើការហៅទូរស័ព្ទរូបយន្ត។ អ្នកស្រាវជ្រាវព័ត៌មានក្លែងក្លាយ ភ័យខ្លាចមានការប្រើប្រាស់កម្មវិធីមិនត្រឹមត្រូវដែលដំណើរការដោយ AI នៅក្នុងឆ្នាំបោះឆ្នោតដ៏សំខាន់នេះ ដោយសារការកើតឡើងព្រោងព្រាតនូវឧបករណ៍ត្រាប់សំឡេង ដែលមានតម្លៃថោក និងងាយស្រួលប្រើ និងពិបាកតាមដាន។
រឿងអាស្រូវនេះកើតឡើងនៅពេលដែលអ្នកធ្វើយុទ្ធនាការទាំងសងខាងនៃអ្នកនយោបាយរបស់សហរដ្ឋអាមេរិក បានប្រើប្រាស់ឧបករណ៍ AI កម្រិតខ្ពស់ សម្រាប់ការផ្ញើសារយុទ្ធនាការប្រកបដោយប្រសិទ្ធភាព និងខណៈដែលវិនិយោគិនបច្ចេកវិទ្យាបញ្ចូលទឹកប្រាក់រាប់លានដុល្លារទៅក្នុងអាជីវកម្មត្រាប់សំឡេង៕