បាល់ទាត់៖ លោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើលដ៏ បានបង្ហាញនូវក្ដីបារម្ភមួយចំនួនចំពោះស្ថានភាពកូវីដ-១៩ ដែលកំពុងរាតត្បាតខ្លាំងនៅកម្ពុជារហូតឆ្លងដល់បណ្ដាក្លិបមួយចំនួន។ ការលើកឡើងនេះ ស្របពេលក្រុមរហស្សនាមនាគមាស ត្រូវប្រឈរមុខជាមួយក្រុមខ្លាំងវិសាខានារសៀលថ្ងៃទី៣ ខែកក្កដាចុងសប្ដាហ៍នេះនៅកីឡដ្ឋានព្រីនស៍។

គ្រូបង្វឹកកាន់សញ្ញាបត្រកម្រិត A-License ដដែលបានបញ្ជាក់ថា ការត្រឡប់មកវិញនៃការប្រកួតលីគកំពូលកម្ពុជាចុងសប្ដាហ៍គឺជាជំនួបដ៏តានតឹង ដែលក្រុមខ្លួនត្រូវប្រឈរមុខជាមួយក្រុមខ្លាំងវិសាខាក្រៅដី។ ពាក់ព័ន្ធបញ្ហាកូវីដវិញ លោកនៅតែបារម្ភហើយសង្ឃឹមថា កីឡាករ និងក្លិបទាំងអស់នឹងអនុវត្តតាមវិធានការក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នាដើម្បីធានាការប្រកួតឲ្យបានរលូន រហូតដល់ចប់រដូវកាល។

គួរបញ្ជាក់ថា បច្ចុប្បន្នណាហ្គាវើលដ៏កំពុងឈរលេខ ៧ ក្នុងតារាងពិន្ទុបណ្ដោះអាសន្ន បន្ទាប់ពីឆ្លងកាត់ ៤ប្រកួតឈ្នះ ២ ស្មើ ១ និងចាញ់ ១ រកបាន ៧ពិន្ទុ តាមពីក្រោយក្រុមវិសាខា ១ពិន្ទុ។ ដូច្នេះការប្រកួតថ្ងៃសៅរ៍នេះគឺជាជំនួបដ៏សំខាន់ ដែលក្រុមទាំងពីរត្រូវការជ័យជម្នះរៀងៗខ្លួន ដើម្បីរក្សាឱកាសប្រជែងពាន ដ្បិតបច្ចុប្បន្នណាហ្គាវើលដ៏ និងវិសាខានៅមានពិន្ទុដាច់ឆ្ងាយពីក្រុមកំពូលតារាងអង្គរថាយហ្គឺរ ដែលរកបាន ១៣ពិន្ទុ ក៏ដូចជាក្រុមភ្នំពេញក្រោនមាន ១២ពិន្ទុក្នុងដៃ៕
អត្ថបទ លី ឈុនឡា