
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន ( Joe Biden) បានចុះទីលាននៃការស្វែងការជាប់ឆ្នោតឡើងវិញរបស់ខ្លួនទៅកាន់អ្នកបោះឆ្នោតរដ្ឋ Nevada កាលពីថ្ងៃអាទិត្យ (ទី៤ ខែកុម្ភៈ) ដែលជាផ្នែកមួយនៃការឈប់សំចតរយៈពេល ២ថ្ងៃ នៅក្នុងរដ្ឋសមរភូមិ ឆ្នាំ២០២៤ មុនពេលការបោះឆ្នោតបឋមរបស់គណបក្សប្រជាធិបតេយ្យ នៅថ្ងៃអង្គារ (ទី៦ ខែកុម្ភៈ)។
ក្នុងពេលដែលការបោះឆ្នោតកាន់តែជិតកើតឡើង លោកបៃដិន និងក្រុមរបស់ខ្លួន កំពុងធ្វើដំណើរក្នុងប្រទេសនេះ ដើម្បីនិយាយអំពីសេដ្ឋកិច្ចដែលប្រឈមនឹងឱនភាព និងផលប៉ះពាល់នៃលើកលែងពន្ធថាមពលស្អាតរបស់ប្រធានាធិបតី ការគាំទ្រសហជីព និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ លោក បៃដិន បានបង្កើនការវាយប្រហារដោយផ្ទាល់លើលោក Donald Trump (ដូ ណាល់ត្រាំ) ដោយពណ៌នាថា គូប្រជែងរបស់ខ្លួនរូបនេះជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ និងចោទសួរពីសមត្ថភាពផ្លូវចិត្តរបស់លោក។
កាលពីឆ្នាំ២០២០ លោក បៃដិន បានផ្តួលគូប្រជែងខាងគណបក្សសាធារណរដ្ឋរូបនេះ នៅរដ្ឋ Nevada ដោយសំឡេង ៣៣.៥៩៦ ឬតិចជាង ៣ភាគរយ ហើយការស្ទង់មតិបង្ហាញថា ការប្រជែងគ្នាឡើងវិញ រវាងអ្នកទាំង២ នៅឆ្នាំនេះ ដែលទំនងជាកើតឡើងនោះ នឹងមានភាពប្រកៀកប្រកិតគ្នា។ គណបក្សសាធារណរដ្ឋ នឹងរៀបចំការបោះឆ្នោតបឋម នៅថ្ងៃទី៦ ខែកុម្ភៈ ក្នុងរដ្ឋ Nevada ផងដែរ ប៉ុន្តែលោក ត្រាំនឹងមិនមានវត្តមាននៅក្នុងការបោះឆ្នោតនោះទេ ខណៈដែលរូបលោកបានជ្រើសរើសចូលរួមការជួបជុំ នៅថ្ងៃទី៨ ខែកុម្ភៈ ក្នុងរដ្ឋផ្សេងជំនួសវិញ៕