
ក្រុមហ៊ុន Boeing កាលពីថ្ងៃអាទិត្យ (ទី៤ ខែកុម្ភៈ) បាននិយាយថា ខ្លួននឹងត្រូវធ្វើការងារបន្ថែមទៀតលើយន្តហោះ 737 MAX ប្រហែល ៥០គ្រឿង ដែលមិនទាន់ត្រូវបានបញ្ជូនចេញ ដោយអាចពន្យារពេលដល់ការដឹកជញ្ជូនរយៈពេលខ្លី ចំពោះយន្តហោះមួយចំនួន បន្ទាប់ពីក្រុមហ៊ុនផ្គត់ផ្គង់របស់ខ្លួន Spirit AeroSystems បានរកឃើញរន្ធខួងខុសចំនួន២ នៅលើតួយន្តហោះមួយចំនួន។
ក្រុមហ៊ុន Boeing បានបញ្ជាក់ពីការរកឃើញក្នុងការឆ្លើយតបទៅនឹងសំណួររបស់សារព័ត៌មាន Reuters បន្ទាប់ពីប្រភពឧស្សាហកម្ម បាននិយាយថា «កំហុសឆ្គងគែម» ឬបញ្ហាគម្លាត ត្រូវបានគេរកឃើញនៅក្នុងរន្ធដែលត្រូវបានខួងនៅលើស៊ុមបង្អួចលើយន្តហោះមួយចំនួន។
Boeing ដែលរងការរិះគន់ពីនិយតករ និងក្រុមហ៊ុនអាកាសចរណ៍ ចាប់តាំងពីការផ្ទុះរបើកទ្វារនៅលើយន្តហោះ 737 MAX 9 កាលពីថ្ងៃទី៥ ខែមករា បាននិយាយថា សុវត្ថិភាពមិនមានផលប៉ះពាល់ទេ ហើយយន្តហោះ 737 ដែលមានស្រាប់ អាចបន្តហោះហើរបាន។
នៅក្នុងលិខិតមួយទៅកាន់បុគ្គលិកដែលសំដៅទៅលើក្រុមហ៊ុន Spirit ដែលជាអ្នកផ្គត់ផ្គង់យន្តហោះ 737 តែមួយគត់នោះ នាយកប្រតិបត្តិលោក Stan Deal បានឲ្យដឹងថា៖ «កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ អ្នកផ្គត់ផ្គង់បានជូនដំណឹងដល់យើងអំពីការមិនស្របតាម នៅលើតួយន្តហោះ 737 មួយចំនួន។ ខ្ញុំចង់ថ្លែងអំណរគុណដល់បុគ្គលិកម្នាក់នៅក្រុមហ៊ុនផ្គត់ផ្គង់ ដែលបានបង្ហាញដល់អ្នកគ្រប់គ្រងរបស់គាត់ថា រន្ធចំនួន២ ប្រហែលជាមិនត្រូវបានខួងចំកន្លែងតាមការតម្រូវរបស់យើងទេ»៕