
សារព័ត៌មានAP បានរាយការណ៍ថា រុស្ស៊ីបានហាមប្រាមការនាំចូលចេកមួយចំនួនរបស់អេក្វាឌ័រ ដោយគំរាមបង្កើនជម្លោះការទូតរវាងប្រទេសទាំងពីរជុំវិញគ្រឿងយុទ្ធោបករណ៍ដែលត្រូវបញ្ជូនទៅកាន់ទីក្រុង គីវ។
រដ្ឋាភិបាលអេក្វាឌ័រ បានប្រកាសកាលពីខែមករាថា ខ្លួននឹងបញ្ជូនអ្វីដែលហៅថា «ដែកសំណល់អេតចាយរបស់អ៊ុយក្រែន និងរុស្ស៊ី ទៅកាន់សហរដ្ឋអាមេរិក ជាថ្នូរនឹងឧបករណ៍ទំនើបដែលមានតម្លៃ ២០០លានដុល្លារ។
តាមសេចក្តីរាយការណ៍ ទីក្រុងវ៉ាស៊ីនតោន គ្រោងនឹងផ្ទេរសព្វាវុធដែលទទួលបានពីអេក្វាឌ័រ ទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីជួយប្រទេសនេះ ក្នុងការប្រយុទ្ធប្រឆាំងនឹងកងកម្លាំងឈ្លានពានរបស់រុស្ស៊ី។
សេវាសហព័ន្ធរុស្ស៊ីសម្រាប់ការត្រួតពិនិត្យបសុសត្វ និងរុក្ខជាតិ(Rosselkhoznadzor) បានប្រកាសកាលពីថ្ងៃទី៣ ខែកុម្ភៈថា ខ្លួនកំពុងហាមឃាត់ការនាំចូលពីក្រុមហ៊ុនចេកចំនួន៥របស់អេក្វាឌ័រ ដោយអះអាងថា ជំងឺមួយ ត្រូវបានរកឃើញនៅក្នុងការដឹកជញ្ជូនពីមុនៗ។
អេក្វាឌ័រ គឺជាប្រទេសនាំចេញចេកឈានមុខគេមួយរបស់ពិភពលោក។ ទិន្នន័យបង្ហាញថា ការលក់ផ្លែឈើក្នុងឆ្នាំ ២០២២ មានចំនួន ៣,៥២ ពាន់លានដុល្លារ ប្រហែលមួយភាគដប់នៃការនាំចេញទាំងអស់របស់អេក្វាឌ័រសម្រាប់ឆ្នាំនោះ។