
នាយករដ្ឋមន្រ្តីអង់គ្លេសលោក Rishi Sunak និយាយកាលពីថ្ងៃអាទិត្យថា ការវាយប្រហារលើក្រុមហ៊ូធីនៅយេម៉ែន គឺជាស្វ័យការពារប្រឆាំងនឹងក្រុមគាំទ្រដោយអ៊ីរ៉ង់ ដែលតែងតែបន្តមានគោលដៅលើនាវាពាណិជ្ជកម្ម និងនាវាចម្បាំងនៅក្នុងសមុទ្រក្រហម ។
លោក Sunak បន្តថា លោកមិនស្ទាក់ស្ទើរនោះឡើយក្នុងការការពារទាំងអាយុជីវិត និងផលប្រយោជន៍របស់អង់គ្លេស ។
ការធ្វើអត្ថាធិប្បាយបែបនេះ បានកើតមានឡើង ក្រោយសហរដ្ឋអាមេរិក និងអង់គ្លេស បើកការវាយប្រហារលើគោលដៅ ៣៦កន្លែងនៅថ្ងៃទី ២នៃប្រតិបត្តិការទ្រង់ទ្រាយធំរបស់សហរដ្ឋអាមេរិកលើក្រុមមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហារស្លាប់ទាហានអាមេរិក កាលពីចុងសប្តាហ៍មុន ។
មន្ទីរបច្ចកោណនិយាយថា ការវាយប្រហារទាំងនេះ ត្រូវចំឃ្លាំងស្តុកអាវុធកប់ក្នុងដី ប្រព័ន្ធមីស៊ីល ជើងទម្របាញ់មីស៊ីល និងទីតាំងជាច្រើនកន្លែងទៀត ដែលក្រុមឧទ្ទាមហ៊ូធី បានប្រើប្រាស់ដើម្បីវាយប្រហារការដឹកជញ្ជូននៅក្នុងសមុទ្រក្រហម ។
វាគឺជាសញ្ញាចុងក្រោយនៃជម្លោះរីករាលដាលក្នុងតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីសង្រ្គាមផ្ទុះឡើងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ក្រោយការវាយប្រហារស្លាប់មនុស្សរបស់ក្រុមជីវពលប៉ាឡេស្ទីនលើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ៕