ប្រណាំងកង់៖ អ្នកការពារតំណែងជើងឯក Tour de France កីឡាករស្លូវេនី Tadej Pogacar បានប្រជែងឈ្នះដំណាក់កាលទី៥ នៃព្រឹត្តិការណ៍ Grand Tour, Tour de France ថ្ងៃពុធម្សិលមិញ ខណៈកីឡាករហូឡង់ Mathieu van der Poel នៅតែបន្តនាំមុខក្នុងតារាងរួមដដែល។

ដំណាក់កាលទី៥ ដែលមានចំងាយផ្លូវត្រឹម ២៧.២គីឡូម៉ែត្រ ជាដំណាក់កាលប្រណាំងយកថេរវេលាផ្ទាល់ខ្លួន ហើយកីឡាករ Tadej Pogacar របស់ក្រុម UAE Team Emirate ធ្វើបានល្អជាងគេជាមួយនឹងថេរវេលា ៣២នាទីគត់ តាមពីក្រោយដោយកីឡាករស្វ៊ីស Stefan Kung របស់ក្រុម FDJ យឺតជាង ១៩វិនាទី និងលេខ៣ កីឡាករដាណឺម៉ាក Jonas Vingegaard យឺតជាង ២៧វិនាទី។ ជ័យជំនះរបស់ Tadej Pogacar ធ្វើអោយគេឡើងមកលេខ២ ក្នុងតារាងរួមយឺតជាអ្នកនាំមុខ ៨វិនាទី។ កីឡាករហូឡង់ Mathieu van der Poel នៅតែបន្តនាំមុខគេដដែល បន្ទាប់ពីបញ្ចប់ដំណាក់កាលទី៥ នេះនៅចំណាត់ថ្នាក់លេខ៥។ សំរាប់ដំណាក់កាលទី៦ ថ្ងៃព្រហស្បតិ៍នេះមានចំងាយផ្លូវ ១៦០.៦គីឡូម៉ែត្រ ជាដំណាក់កាលប្រណាំងលើស្ថានភាពផ្លូវរាបស្មើធម្មតា៕
អត្ថបទ៖នាង សុភាវុធ