ព្រះវិហារ ៖ សាស្រ្តាចារ្យ និងនិសិ្សតមហាវិទ្យាល័យថ្នាក់អន្តរជាតិ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីតំបន់រមណីយដ្ឋានប្រាសាទកោះកេរ ខេត្តព្រះវិហារ និងប្រាសាទអង្គរវត្ត ខេត្តសៀមរាប រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣-៤ ខែកុម្ភះ ឆ្នាំ២០២៤។
សកម្មភាពទស្សនកិច្ចសិក្សាស្វែងយល់ពីតំបន់រមណីយដ្ឋានប្រាសាទកោះកេរ ខេត្តព្រះវិហារ និងរមណីយដ្ឋានប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដឹកដោយលោកសាស្រ្តាចារ្យបណ្ឌិត សុខ ស៊ាង ព្រឹទ្ធបុរសមហាវិទ្យាល័យថ្នាក់អន្តរជាតិ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានដឹកនាំសាស្រ្តាចារ្យ សហការី និងនិសិ្សតមហាវិទ្យាល័យថ្នាក់អន្តរជាតិ ចំនួន៨០នាក់។
បើតាមលោក ស៊ុយ មករា ប្រធានដេប៉ាតឺម៉ង់ កម្មវិធីអន្តរជាតិ នៃមហាវិទ្យាល័យថ្នាក់អន្តរជាតិ បានឲ្យដឹងថា ទស្សនកិច្ចសិក្សាមកកាន់តំបន់រមណីយដ្ឋានប្រវតិ្តសាស្រ្តទាំងពីរនេះ គឺមានសារសំខាន់ខ្លាំងណាស់ ធ្វើឲ្យនិសិ្សត ទទួលបានចំណេះដឹងថ្មីៗ ព្រោះថានិសិ្សតមិនមែនត្រឹមតែសិក្សាអំពីតែប្រវតិ្តសាស្រ្ត ក៏ដូចជាកេរ្តិ៍ដំណែលដូនតាដែលបន្សល់ទុកឲ្យនោះទេ គឺបានបណ្តុះគំនិតដល់និសិ្សតក្នុងមហាវិទ្យាល័យថ្នាក់អន្តរជាតិ បានសិក្សាពីទ្រឹស្តី និងការអនុវត្តជាក់ស្តែង ក៏ដូចជាបានបណ្តុះពីវិស័យទេសចរណ៍ ដែលមានសក្តានុពលក្នុងព្រះរាជាណាចក្រកម្ពុជា រួចស្រេចហើយនោះ។ ប៉ុន្តែនៅមានចំនុចជាច្រើនទៀត ដែលនិសិ្សត ក៏ដូចជាប្រជាជនកម្ពុជា ត្រូវតែយល់ដឹង ចូលរួមអភិរក្ស ក៏ដូចជាចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ផងដែរ។
ជាចុងក្រោយលោក ស៊ុយ មករា បានបញ្ជាក់ថា សម្រាប់មហាវិទ្យាល័យថ្នាក់អន្តរជាតិ បានឆ្លើយតបទៅនឹងតម្រូវការទីផ្សារបានល្អច្រើន។ ទី១.យើងមិនមែនសិក្សាតែទ្រឹសី្តចំណេះដឹងទូទៅ ផ្នែកពាណិជ្ជកម្ម ធុរកិច្ច សហគ្រិនភាព និងនវានុវត្តន៍ប៉ុណ្ណោះទេ គឺយើងបញ្ចូលនូវចំនុចរួមផ្សំជាច្រើន និងការអនុវត្តជាក់ស្តែង ដូចជាទស្សនកិច្ចសិក្សា ទទួលវាគ្មិនជំនាញៗមកពីថ្នាក់ជាតិ ក៏ដូចជាមកពីបរទេស ដោយចូលរួមបកស្រាយនៅក្នុងប្រទេស ក៏ដូចជាក្រៅប្រទេស ជាពិសេសអនុញ្ញាតឲ្យនិសិ្សតបានបញ្ចេញសមត្ថភាព ចូលរួមប្រកួតធុរកិច្ចជាតិ និងអន្តរជាតិ ទន្ទឹមនឹងនោះសាកលវិទ្យាល័យជាតិគ្រប់គ្រង ក៏ជាអ្នកសម្របសម្រួលក្នុងកម្មវិធីមេគង្គប៊ីសានីសឆាឡែន ប្រចាំតំបន់ផងដែរ។ លើសពីនេះទៅទៀត សាកលវិទ្យាល័យជាតិគ្រប់គ្រង មានមជ្ឈមណ្ឌលបណ្តុះបណ្តាលការងារ បានផ្តល់ឱកាសជូននិសិ្សត ទទួលបានចំណេះដឹងផ្សេងៗ ក្នុងការដាក់ពាក្យចូលបម្រើការងារ និងព័ត៌មានការងារផ្សេងៗ៕ អត្ថបទ ៖ រដ្ឋា






















