
ផ្លូវដែលគ្របដណ្ដប់ទៅដោយទឹកកកបានធ្វើអោយរថយន្ដជាច្រើនគ្រឿងនៅលើផ្លូវល្បឿនលឿន នៅខេត្ដហ៊ូប៉ី(Hubei)ភាគកណ្ដាលប្រទេសចិន ត្រូវពន្យារពេល កាលពីចុងសប្ដាហ៍កន្លងទៅ ខណៈទឹកកកនេះ បានកើតឡើងដោយសារតែរលកត្រជាក់បានគ្រប់ដណ្តប់មកលើខេត្ដនេះ ក្នុងឆ្នាំនេះចាប់តាំងពីកាលពីថ្ងៃព្រហស្បតិ៍មកម៉្លេះ។
ចាប់ពីម៉ោង ៤រសៀលកាលពីថ្ងៃអាទិត្យ ច្រកផ្លូវល្បឿនលឿនសរុបទាំងអស់ចំនួន២៤៩ច្រក ក្នុងខេត្ដនេះ ត្រូវបានបិទទាំងស្រុង។
ហើយការធ្លាក់ព្រឹលខ្លាំងនេះ បាននាំអោយមានកម្រិតព្យុះព្រឹលកើតឡើង ក្នុងរដ្ឋធានីអ៊ូហាន(Wuhan)។
អ្នកដំណើរភាគច្រើនដែលជាប់គាំងគឺស្ថិតនៅលើដំណើរផ្លូវទៅកាន់លំនៅឋានរបស់ពួកគេ ដើម្បីទៅចូលរួមបុណ្យនិទាឃរដូវ របស់ជនជជាតិចិន ដែលនឹងចូលមកដល់នៅថ្ងៃសៅរ៍ខាងមុខនេះ ពោគឺជាថ្ងៃបុណ្យដ៏សំខាន់បំផុតសម្រាប់ជនជាតិចិន។
ដោយឡែក រដ្ឋបាលផ្លូវល្បឿនលឿន និងអ្នកស្រុក បានផ្ដល់ជំនួយតាមលទ្ធភាពរបស់ពួកគេ ដែលអាចជួយបានដល់អ្នកជាប់គាំងដោយដោយសារទឹកកក។
នៅឯច្រកផ្លូវ ក្នុងក្រុងជីងសាន ដែលស្ថិតនៅផ្លូវល្បឿនលឿន ស៊ូឆាង ហ្គ័ងចូវ (Xuchang-Guangzhou) ក្រុមអ្នកភូមិដែលនៅជិតៗនោះ បានបញ្ជូន ជម្រក ទឹកផឹក និងមីកញ្ចប់ទៅអោយអ្នកដំណើរជាប់គាំង១០០០នាក់ដែលកំពុងរងចាំអាកាសធាតុស្រលះឡើងវិញដោយមិនគិតថ្លៃ៕