
នៅក្នុងបទសម្ភាសមួយដែលត្រូវបានចេញផ្សាយ នៅថ្ងៃចន្ទ (ទី៥ ខែកុម្ភៈ) មន្ត្រីជាន់ខ្ពស់មកពីក្រុមហ៊ួទីរបស់យេម៉ែនដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ បានបា្រប់ឲ្យដឹងថា អ៊ីតាលីនឹងក្លាយជាគោលដៅ ប្រសិនបើប្រទេសនេះចូលរួមក្នុងការវាយប្រហារប្រឆាំងនឹងក្រុមនៅយេម៉ែននេះ។
លោក Mohamed Ali al-Houthi ប្រធានគណៈកម្មាធិការបដិវត្តន៍ជាន់ខ្ពស់របស់ក្រុមហ៊ួទី បានប្រាប់សារព័ត៌មាន La Repubblica ថា អ៊ីតាលីត្រូវតែឈរនៅកណ្ដាលក្នុងជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន ហើយត្រូវដាក់សម្ពាធលើអ៊ីស្រាអែលឲ្យបញ្ឈប់ការវាយប្រហារលើតំបន់ហ្កាហ្សា ដោយបន្ថែមថា នោះនឹងក្លាយជាមធ្យោបាយតែមួយគត់ ដើម្បីសម្រេចបានសន្តិភាព ក្នុងតំបន់។
ប្រទេសអ៊ីតាលីបាននិយាយកាលពីថ្ងៃសុក្រ (ទី២ ខែកុម្ភៈ) ថា ខ្លួននឹងផ្តល់ឧត្តមនាវីឯក ក្នុងបញ្ជាបេសកកម្មកងនាវាចរសមុទ្រក្រហមរបស់សហភាពអឺរ៉ុបដែលខ្លួនបានចូលរួម ដើម្បីការពារនាវាពីការវាយប្រហារដោយកងជីវពលហ៊ួទីរបស់ប្រទេសយេម៉ែន។
ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក Josep Borrell បាននិយាយថា អាណត្តិនៃបេសកកម្មដែលនឹងចាប់ផ្តើមនៅពាក់កណ្តាលខែកុម្ភៈ នឹងមានដើម្បីការពារនាវាពាណិជ្ជកម្ម និងការវាយប្រហារស្ទាក់ចាប់ ប៉ុន្តែមិនមែនចូលរួមក្នុងការវាយប្រហារប្រឆាំងនឹងក្រុមហ៊ួទីទេ៕