
អ្នកដំណើរជាច្រើននៅទីក្រុងតូក្យូ បានប្រញាប់ប្រញាល់ទៅផ្ទះ ដើម្បីជៀសផុតពីការអាក់ខានការធ្វើចរាចរណ៍ ស្របពេលដែលរដ្ឋធានីប្រទេសជប៉ុនមួយនេះ ចេញសេចក្តីប្រកាសអាសន្នព្រិលធ្លាក់ខ្លាំងជាលើកដំបូងក្នុងឆ្នាំនេះ ។
នៅវេលាម៉ោង ៣ល្ងាច ម៉ោងក្នុងស្រុក ថ្ងៃចន្ទ កម្មករជាច្រើន បានរួសរាន់ឡើងជិះរថភ្លើងនៅភាគកណ្តាលទីក្រុងតូក្យូ ។
លោក Ritsu Moto គឺជាកម្មករមួយរូបនៅទីក្រុងតូក្យូ និយាយថា លោកចង់ប្រញាប់ទៅផ្ទះ នៅពេលដែលលោកអាចទៅបាន ។
ដោយឡែក លោក Makoto Tanaka គឺជាកម្មករវ័យ ៤០ម្នាក់ទៀត និយាយថា ក្រុមហ៊ុនរបស់លោក បានចេញសេចក្តីណែនាំពីព្រិលធ្លាក់ខ្លាំង ឲ្យកម្មករដែលផ្លូវធ្វើដំណើររបស់ពួកគេរងផលប៉ះពាល់ដោយសារអាកាសធាតុអាក្រក់ ត្រូវតែប្រញាប់រួសរាន់ទៅផ្ទះ ។
យោងតាមការអះអាងរបស់ទីភ្នាក់ងារឧតុនិយមជប៉ុន បានឲ្យដឹងថា ព្រិលធ្លាក់ខ្លាំង ត្រូវបានគេរំពឹងថាកើតមាននៅទីក្រុងតូក្យូ ចាប់ពីរសៀលថ្ងៃចន្ទ រហូតដល់ថ្ងៃអង្គារ ។
ទូរទស្សន៍រដ្ឋជប៉ុន NHK រាយការណ៍ថា ជើងហោះហើរ ៤៦វ៉ុល ចេញ-ចូលអាកាសយានដ្ឋាន Haneda ត្រូវបានលុបចោលដោយក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ហើយជើងហោះហើរ ៣០វ៉ុលផ្សេងទៀត ត្រូវបានលុបចោលដោយក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways ៕