
លោកឧបនាយករដ្ឋមន្ត្រី Olha Stefanishyna បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Frankfurter Allgemeine Zeitung កាលពីថ្ងៃទី២ ខែកុម្ភៈថា ការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានឲ្យដឹងកាលពីថ្ងៃទី៣ ខែកុម្ភៈថា ប្រទេសបារាំង គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយអ៊ុយក្រែនក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។ កិច្ចព្រមព្រៀងជាមួយប្រទេសអាល្លឺម៉ង់ ក៏ត្រូវបាន «បញ្ចប់យ៉ាងពេញលេញ»។
ក្រុមប្រទេសG7 និងដៃគូមួយចំនួនផ្សេងទៀត បានសន្យាផ្តល់ការធានាសន្តិសុខដល់អ៊ុយក្រែនតាមរយៈសន្ធិសញ្ញាទ្វេភាគី។ ចក្រភពអង់គ្លេសជាលើកទី១ហើយដែលបានបញ្ចប់កិច្ចព្រមព្រៀងបែបនេះ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស រីស៊ី ស៊ុណាក់ (Rishi Sunak) ទៅកាន់ទីក្រុងគីវ កាលពីថ្ងៃទី១២ ខែមករា។
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ធ្លាប់បានប្រកាសថា លោកនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធាទ្វេភាគីជាមួយអ៊ុយក្រែន ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងគីវក្នុងខែកុម្ភៈ។
ការិយាល័យប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា ការចរចាមួយផ្សេងទៀត ត្រូវបានធ្វើឡើង «ទាក់ទងនឹងការបញ្ចប់កិច្ចព្រមព្រៀងទ្វេភាគីស្តីពីការផ្តល់ការធានាសន្តិសុខដល់អ៊ុយក្រែន» ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូបារាំងទៅកាន់ទីក្រុងគីវ កាលពីថ្ងៃទី៣ ខែកុម្ភៈ។
ប្រធានការិយាល័យប្រធានាធិបតី លោក Andriy Yermak បាននិយាយថា៖«ប្រទេសបារាំងបង្ហាញពីការគាំទ្រឥតងាករេរបស់ខ្លួនសម្រាប់អ៊ុយក្រែន ហើយដូច្នេះនាំមកនូវជ័យជម្នះរួមគ្នារបស់យើងកាន់តែខិតជិត និងពង្រឹងសន្តិសុខនៅក្នុងទ្វីបអឺរ៉ុប។ ភាពជាដៃគូយុទ្ធសាស្ត្ររបស់យើង នឹងបន្តពង្រឹងថែមទៀត»។