បាល់ទាត់៖ ក្លិប Everton បានប្រកាសជាផ្លូវការពីការតែងតាំងអ្នកចាត់ការថ្មីលោក Rafael Benitez បន្ទាប់ពីការចរចាអស់ពីរសប្តាហ៍កន្លងមក។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូបនេះបានចុះហត្ថលេខា ៣ឆ្នាំដឹកនាំនៅ Goodison Park បន្តតំណែងពីលោក Carlo Ancelotti ដែលចាកចេញទៅកាន់ Real Madrid។

មុននឹងឈានដល់កិច្ចព្រមព្រៀងនេះ Rafael Benitez និង Everton បានចរចាគ្នាអស់រយៈពេល ២សប្តាហ៍ហើយឆ្លងកាត់ឧបសគ្គមួយចំនួន ដូចជាការមិនពេញចិត្តពីអ្នកគាំទ្រ Everton មួយចំនួនដែលមិនចង់បានអតីតអ្នកចាត់ការ របស់ក្រុមគូប្រជែងក្នុងទីក្រុងជាមួយ Liverpool មកដឹកនាំ។ អ្នកគាំទ្រមួយចំនួនក៏មិនសប្បាយចិត្តនឹងបុរសវ័យ ៦១ឆ្នាំរូបនេះដែលធ្លាប់បាននិយាយមើលងាយ Everton ថា ជាក្លិបតូចតាចមួយអំឡុងពេលលោកដឹកនាំ Liverpool កាលពីឆ្នាំ២០០៧។
តាំងពីចាកចេញពី Liverpool នៅឆ្នាំ២០១០ លោក Benitez នៅតែរក្សាផ្ទះរបស់លោកនៅ Merseyside នៅឡើយ ហើយក្រុមគ្រួសាររបស់លោកនៅតែបន្តរស់នៅមកដល់ពេលនេះ។ រំលឹកថាលោក Rafael Benitez ធ្លាប់ដឹកនាំ Liverpool គ្រងជើងឯក UEFA Champions League ក្នុងរយៈពេល ៦ឆ្នាំនៃអាជីពនៅ Anfield ហើយលោកក៏ធ្លាប់ដឹកនាំក្លិបអង់គ្លេសផ្សេងទៀតដែររួមមាន Chelsea និង Newcastle ហើយក៏ធ្លាប់ចំណាយពេល ១៨ខែដឹកនាំនៅក្របខណ្ឌ Chinese Super League ផងដែរ៕
អត្ថបទ៖នាង សុភាវុធ