
តុលាការថៃនៅថ្ងៃចន្ទ (ទី៥ ខែកុម្ភៈ) បានចេញនូវសាលក្រមព្យួរទោស ចំពោះអតីតបេក្ខជនប្រជែងតំណែងនាយករដ្ឋមន្ត្រី លោក Pita Limjaroenrat (ភីថា លឹមចារ៉ើនរ៉ាត់) និងឥស្សរជននយោបាយ ៧នាក់ផ្សេងទៀត ពាក់ព័ន្ធនឹងការធ្វើបាតុកម្មខុសច្បាប់ កាលពីឆ្នាំ២០១៩។
ករណីនេះបន្ថែមបញ្ហាផ្លូវច្បាប់ដែលកំពុងកើតមានចំពោះគណបក្សប្រឆាំង គឺគណបក្សបោះជំហានទៅមុខ (Move Forward) បន្ទាប់ពីតុលាការធម្មនុញ្ញរបស់ប្រទេសនេះបានសម្រេចថា គណបក្សនេះបានធ្វើឲ្យប៉ះដល់របបរាជានិយម និងសន្តិសុខជាតិ អំឡុងយុទ្ធនាការរបស់ខ្លួន ដើម្បីធ្វើវិសោធនកម្មច្បាប់ ដែលការពាររាជានិយមមិនឲ្យមានការរិះគន់។
តុលាការសង្កាត់ Pathumwan ក្នុងទីក្រុងបាងកក បានកាត់ទោសដាក់ពន្ធនាគាររយៈពេល ៤ខែ ដោយព្យួររយៈពេល ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១១.២០០បាត (៣១៣,៨១ដុល្លារអាមេរិក) ចំពោះឥស្សរជនឈានមុខគេចំនួន ៦រូបនៃគណបក្សដែលពេលនេះលែងមានហើយ គឺគណបក្សអនាគតថ្មី (Future Forward) ដែលជាអតីតគណបក្សបោះជំហានទៅមុខ (Move Forward) និងសកម្មជន ២នាក់ទៀត។ នេះបើតាមការឲ្យដឹងពី Krisadang Nutcharus ដែលជាមេធាវីរបស់ឥស្សរជនទាំងនោះ។ ការចោទប្រកាន់នេះពាក់ព័ន្ធនឹងការតវ៉ាដែលពួកគេបានដឹកនាំដែលត្រូវបានចូលរួម ដោយអ្នកគាំទ្ររាប់ពាន់នាក់ ក្នុងខែធ្នូ ឆ្នាំ២០១៩ នៅរដ្ឋធានីថៃ។
លោក ភីថា អាចនឹងត្រូវដកសិទ្ធិពីសភា ប្រសិនបើការប្តឹងឧទ្ធរណ៍របស់លោក មិនទទួលបានជោគជ័យ ហើយតុលាការតម្កល់សាលក្រម។ ច្បាប់ថៃមិនអនុញ្ញាតឲ្យអ្នកជាប់ទោសពីបទឧក្រិដ្ឋធ្ងន់ធ្ងរមានអាសនៈសភាបានទេ។ ឥឡូវនេះ គណបក្សនេះប្រឈមនឹងការរំលាយនាពេលខាងមុខ ហើយនាយកប្រតិបត្តិរបស់បក្ស ត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយ បន្ទាប់ពីមេធាវី និងក្រុមប្រឆាំងបានចាប់ផ្តើមការតវ៉ាផ្នែកច្បាប់បន្ថែមទៀត បន្ទាប់ពីមានសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ។
គួរបញ្ជាក់ថា គណបក្សបោះជំហានទៅមុខ (Move Forward) គឺជាគណបក្សធំជាងគេ នៅក្នុងសភា បន្ទាប់ពីទទួលបានជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើល នៅក្នុងការបោះឆ្នោតកាលពីឆ្នាំមុន តាមរយៈវេទិកាប្រឆាំងស្ថាប័ន ដែលរួមមានការមិនធ្វើអាជីវកម្មផ្តាច់មុខ និងការទប់ស្កាត់ឥទ្ធិពលនយោបាយដ៏រឹងមាំរបស់យោធា៕