
ក្រុមនគរបាលកុបកម្ម បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកលើហ្វូងបាតុករនៅក្រៅសភាជាតិសេណេហ្គាល់នាថ្ងៃចន្ទនេះ ពេលដែលពួកគេព្យាយាមជួបជុំគ្នាតវ៉ានឹងការពន្យាពេលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនាថ្ងៃទី ២៥ ខែកុម្ភៈខាងមុខនេះ គឺជាចំណាត់ការមួយដែលធ្វើឲ្យមានការខឹងសម្បារ និងភាពរំជើបរំជួលកាលពីចុងសប្តាហ៍កន្លងទៅ ។
នៅក្រៅសភា នគរបាលប្រដាប់អាវុធ បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីព្យាយាមបំបែកហ្វូងបាតុករប្រហែល ១០០នាក់ ដែលជួបជុំគ្នាតវ៉ា ។ ពួកគេបានធ្វើការចាប់ខ្លួនហ្វូងបាតុករផងដែរ ។
ក្រុមតំណាងរាស្រ្ត គ្រោងនឹងជជែកដេញដោលពីសេចក្តីព្រាងច្បាប់មួយនេះ នៅសភាដែលនឹងកំណត់កាលបរិច្ឆេតបោះឆ្នោតឡើងវិញ នៅថ្ងៃទី ២៥ ខែសីហា ហើយនិងបន្តអាណត្តិរបស់លោកប្រធានាធិបតី Macky Sall រហូតដល់អ្នកបន្តវេនរបស់លោកត្រូវបានលើកបន្តុប ។
គួរឲ្យដឹងថា ប្រទេសសេណេហ្គាល់ ពុំធ្លាប់ដែលពន្យាពេលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនោះទេ ហើយការប្រកាសរបស់លោក Sall បានធ្វើឲ្យប្រទេសនៅអាហ្វ្រិកខាងលិចមួយនេះ ខូចកេរ្តិ៍ឈ្មោះ ស្របពេលស្ថិរភាពប្រជាធិបតេយ្យក្នុងតំបន់ ត្រូវបានលេបត្របាក់ដោយរដ្ឋប្រហារ ៕