
បេក្ខជនប្រជែងតំណែងប្រធានាធិបតី ដែលប្រឆាំងសង្រ្គាមរុស្ស៊ី លោក Boris Nadezhdin នៅថ្ងៃចន្ទ (ទី៥ ខែកុម្ភៈ) នេះ បាននិយាយថា ក្រុមការងារនៃគណៈកម្មការរៀបចំការបោះឆ្នោតកណ្តាលរបស់ប្រទេសរុស្ស៊ី បានរកឃើញហត្ថលេខារបស់អ្នកគាំទ្រចំនួន ១៥ភាគ ដែលលោកបានដាក់ស្នើដើម្បីគាំទ្រដល់សំណើការបោះឆ្នោតរបស់លោកថា ជាហត្ថលេខាមិនត្រឹមត្រូវ។
តួលេខនោះ ប្រសិនបើត្រូវបានបញ្ជាក់ គឺខ្ពស់ជាងអត្រាកំហុសដែលអាចអនុញ្ញាតបានចំនួន ៣ដង ហើយនឹងផ្តល់ហេតុផលដល់គណៈកម្មការឲ្យដកសិទ្ធិលោក Nadezhdin ពីការឈរឈ្មោះប្រកួតប្រជែងទល់នឹងប្រធានាធិបតីលោក Vladimir Putin ក្នុងខែមីនា។
អ្នកនាំពាក្យរបស់លោក Nadezhdin បាននិយាយថា គណៈកម្មការនឹងធ្វើសេចក្តីសម្រេចចុងក្រោយលើបញ្ហានេះ នៅថ្ងៃពុធ (ទី៧ ខែកុម្ភៈ)។ លោក Nadezhdin បានឲ្យដឹងនៅលើកម្មវិធីផ្ញើសារ Telegram ថាលោកនឹងប្តឹងឧទ្ធរណ៍ទៅតុលាការកំពូល ប្រសិនបើគណៈកម្មការបដិសេធមិនឲ្យលោកចុះឈ្មោះនោះទេ៕