
ការនាំចេញរបស់អាល្លឺម៉ង់បានធ្លាក់ចុះច្រើនជាងការរំពឹងទុកនៅក្នុងខែធ្នូ ដោយសារតម្រូវការសកលលោកទាប។ នេះបើតាមការិយាល័យស្ថិតិសហព័ន្ធ ដែលបានបង្ហាញ នៅថ្ងៃចន្ទ (ទី៥ ខែកុម្ភៈ) នេះ។
ការនាំចេញបានធ្លាក់ចុះ ៤,៦ភាគរយ នៅក្នុងខែធ្នូ ធៀបនឹងខែមុន។ លទ្ធផលនេះធៀបនឹងការព្យាករណ៍ធ្លាក់ចុះ ២.០ភាគរយ នៅក្នុងការស្ទង់មតិរបស់សារព័ត៌មាន Reuters។ ជាមួយគ្នានេះ ការិយាល័យស្ថិតិបានឲ្យដឹងថា ការនាំចេញទៅកាន់បណ្តាប្រទេសសហភាពអឺរ៉ុប បានធ្លាក់ចុះ ៥,៥ភាគរយ ធៀបនឹងខែមុន ខណៈដែលការនាំចេញទៅកាន់ប្រទេសក្រៅសហភាពអឺរ៉ុប បានធ្លាក់ចុះ ៣,៥ភាគរយ។
ការិយាល័យស្ថិតិសហព័ន្ធបានរាយការណ៍ទៀតថា ការនាំចូលបានធ្លាក់ចុះ ៦,៧ភាគរយ ពីខែវិច្ឆិកា ធៀបនឹងការរំពឹងទុករបស់អ្នកវិភាគ សម្រាប់ការធ្លាក់ចុះ ១,៥ភាគរយ។ សមតុល្យពាណិជ្ជកម្មបរទេសបានបង្ហាញពីប្រតិទិន និងអតិរេកដែលបានកែតម្រូវតាមរដូវកាលចំនួន ២២,២ពាន់លានអឺរ៉ូ (២៣,៩២ពាន់លានដុល្លារ) ក្នុងខែធ្នូ ធៀបនឹងអតិរេកចំនួន ២០,៨ពាន់លានអឺរ៉ូ កាលពីខែមុន។ អតិរេកពាណិជ្ជកម្មក្នុងទំនិញរបស់អាល្លឺម៉ង់ បានកើនឡើងបន្ថែមទៀត នៅចុងឆ្នាំ២០២៣ ដោយបន្ថែមលើភស្តុតាងដែលថា ការនាំចេញសុទ្ធ គឺជាការជួយគាំទ្រដ៏សំខាន់ដល់កំណើនផលិតផលក្នុងស្រុកសរុប ឬ GDP នៅក្នុងត្រីមាសទី៤។
ផលិតផលក្នុងស្រុកសរុប (GDP) បានធ្លាក់ចុះ ០,៣ភាករយ នៅក្នុងត្រីមាសទី៤ ធៀបនឹងត្រីមាសមុន ដែលជំរុញឲ្យអ្នកសេដ្ឋកិច្ចព្រមានពីការធ្លាក់ចុះសេដ្ឋកិច្ចមួយផ្សេងទៀត។ នៅឆ្នាំ២០២៣ ការនាំចេញបានធ្លាក់ចុះ ១,៤ បើធៀបនឹងឆ្នាំ២០២២ ខណៈពេលដែលការនាំចូលទៅកាន់ប្រទេសអាល្លឺម៉ង់ បានជួបប្រទះនឹងការធ្លាក់ចុះយ៉ាងខ្លាំង ៩,៧ភាគរយ៕