
អាជ្ញាធរអ៊ីតាលី នៅថ្ងៃចន្ទ (ទី៥ ខែកុម្ភៈ) បាននិយាយថា ពួកគេបានចាប់ខ្លួនមនុស្ស ១៤នាក់ បន្ទាប់ពីភាពរញ៉េរញ៉ៃបានផ្ទុះឡើងនៅឯមជ្ឈមណ្ឌលឃុំខ្លួនជនអន្តោប្រវេសន៍ នៅក្បែរទីក្រុងរ៉ូម ដោយហេតុការណ៍នេះបានកើតឡើងក្រោយការធ្វើអត្តឃាតរបស់យុវជនម្នាក់ ដែលត្រូវបានឃុំខ្លួននៅទីនោះ។
មន្ត្រីនគរបាល ២នាក់ និងទាហានម្នាក់ បានរងរបួសនៅក្នុងហេតុការណ៍រញ៉េរញ៉ៃនោះ កាលពីថ្ងៃអាទិត្យ (ទី៤ ខែកុម្ភៈ) នៅពេលដែលអ្នកជាប់ឃុំទាំងនោះបានបង្ខំសម្រុកចេញទៅចំណតរថយន្ត ដោយដុតពូក និងគប់របស់របរផ្សេងៗ។
នគរបាលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ខណៈដែលពួកគេព្យាយាមគ្រប់គ្រងឡើងវិញ ចំពោះមជ្ឈមណ្ឌល Ponte Galeria ដែលជាមណ្ឌលឃុំខ្លួនរយៈពេលខ្លី សម្រាប់ជនអន្តោប្រវេសន៍គ្មានឯកសារ ដែលនៅជិតព្រលានយន្តហោះដ៏សំខាន់របស់ទីក្រុង Fiumicino ។
ករណីចលាចលនេះបានកើតឡើងបន្ទាប់ពីរកឃើញសាកសពបុរសអាយុ ២១ឆ្នាំម្នាក់មកពីប្រទេសហ្គីណេ ដែលបានសម្រេចចិត្តបញ្ចប់យកជីវិតខ្លួនឯង៕