ក្រុមអ្នកស្ម័គ្រចិត្ដនៅភាគកណ្តាលប្រទេសឈីលីបានព្យាយាមកាយដែកដែលឆេះ កញ្ចក់ខូច និងកំទេចកំទីផ្សេងទៀតចេញពីភូមិឋានរបស់ពួកគេដែលត្រូវបានបំផ្លិចបំផ្លាញដោយសារចំហេះព្រៃក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈមន្ត្រីបានបង្កើនចំនួនអ្នកស្លាប់ដល់ ១២២ នាក់ ហើយមនុស្សរាប់រយនាក់នៅតែបាត់ខ្លួន។

អណ្ដាតភ្លើងទំនងជាបានថយចុះកាលពីព្រឹកថ្ងៃចន្ទ បន្ទាប់ពីបានឆេះរាលដាលយ៉ាងសន្ធោសន្ធៅចាប់តាំងពីថ្ងៃសុក្រ នៅជិតភាគខាងកើតនៃទីក្រុងវីណាឌេល ម៉ា(Viña del Mar)។ទីក្រុងពីរផ្សេងទៀតនៅក្នុងតំបន់ វ៉ាល់ផារ៉ៃសូ (Valparaíso) គឺទីក្រុង ឃ្វីលផេ (Quilpé) និងទីក្រុងវីឡាអាឡេម៉ាណា( Villa Alemana)ក៏រងការបំផ្លិចបំផ្លាញយ៉ាងខ្លាំងផងដែរ ហើយប្រធានាធិបតី កាព្រីយ៉េល បូរីក(Gabriel Boric) បាននិយាយ កាលពីថ្ងៃអាទិត្យថា ផ្ទះសម្បែងយ៉ាងហោចណាស់៣.០០០ខ្នងត្រូវបានឆេះបំផ្លាញនៅក្នុងតំបន់នេះ។
ប្រធាននាយកសេវាវេជ្ជសាស្ត្រកោសល្យវិច្ច័យរបស់ប្រទេសឈីលី លោក ម៉ារីសូល ប្រាដូ (Marisol Prado)បាននិយាយថាជនរងគ្រោះចំនួន១០នាក់បន្ថែមត្រូវបានបូកបន្ថែមទៅក្នុងចំនួនអ្នកស្លាប់កាលពីរសៀលថ្ងៃចន្ទដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ១២២នាក់។

លោកប្រាដូ បាននិយាយថា សាកសពជាច្រើនត្រូវបានឆេះខ្លោច ពិបាកកំណត់អត្តសញ្ញាណ ប៉ុន្តែបានបន្ថែមថា បុគ្គលិកធ្វើកោសល្យវិច្ច័យនឹងយកសំណាកហ្សែនពីមនុស្សដែលបានរាយការណ៍ពីសាច់ញាតិដែលបាត់ខ្លួន។
អភិបាលក្រុង វីណា ឌេលម៉ា លោកស្រី ម៉ាការ៉េណា រីផាម៉ុនទី (Macarena Ripamonti) បាននិយាយថា មនុស្សយ៉ាងហោចណាស់ ៣៧០ នាក់ត្រូវបានរាយការណ៍ថាបានបាត់ខ្លួននៅក្នុងទីក្រុងដែលមានពលរដ្ឋរស់នៅប្រហែល ៣០ម៉ឺននាក់។ ភ្លើងឆេះព្រៃបានឆាបឆេះសង្កាត់ជាច្រើនដែលត្រូវបានសាងសង់រាយប៉ាយមានសភាពមិនរឹងមាំនៅលើភ្នំនៅភាគខាងកើតទីក្រុងវីណា ឌេលម៉ា ដែលជារមណីយដ្ឋានឆ្នេរដ៏ពេញនិយមផងដែរ៕
