អ៊ីរ៉ង់បាននិយាយកាលពីថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ថា ខ្លួននឹងមិនស្ទាក់ស្ទើរឆ្លើយតបក្នុងករណីមានការវាយប្រហាររបស់សហរដ្ឋអាមេរិកលើទឹកដីរបស់ខ្លួនឡើយ បន្ទាប់ពីសេតវិមានបានបដិសេធមិននិយាយថាតើការវាយប្រហារលើអ៊ីរ៉ង់ត្រូវបានច្រានចោលឬយ៉ាងណា។
ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Jake Sullivan បាននិយាយកាលពីថ្ងៃអាទិត្យថាអាមេរិកនឹងបន្តការសងសឹករបស់ខ្លួនប្រឆាំងនឹងក្រុមដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី។

នៅពេលសួរថាតើសហរដ្ឋអាមេរិកនឹងច្រានចោលលទ្ធភាពនៃការវាយប្រហារលើទឹកដីរបស់អ៊ីរ៉ង់ដោយផ្ទាល់ឬអត់នោះ លោក Sullivan បានប្រាប់ទូរតស្សន៍ NBC ថា វាមិនមែនជារឿងល្អទេសម្រាប់លោកក្នុងការនិយាយអំពីអ្វីដែលយើងកំពុងគ្រប់គ្រង និងការច្រានចោល ។
លោកបានលើកឡើងថា ប្រសិនបើប្រទេសអ៊ីរ៉ង់ ជ្រើសរើសឆ្លើយតបដោយផ្ទាល់ទៅនឹងសហរដ្ឋអាមេរិក ពួកគេនឹងជួបការឆ្លើយតបភ្លាមៗ និងការប្រើប្រាស់កម្លាំងរបស់អាមេរិកមិនខាន ។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក ណាស៊រ ខាណានី (Nasser Kanani)បានឆ្លើយតបវិញកាលពីថ្ងៃចន្ទថា សាធារណរដ្ឋអ៊ីស្លាមមួយនេះបានបង្ហាញថា ខ្លួនតែងតែមានប្រតិកម្មយ៉ាងម៉ឺងម៉ាត់ចំពោះការគំរាមកំហែងណាមួយចលើសន្តិសុខ បូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ខ្លួន។

លោកខាណានី បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍របស់លោកថា អ៊ីរ៉ង់ នឹងមិនស្ទាក់ស្ទើរក្នុងការប្រើប្រាស់សមត្ថភាពរបស់ខ្លួនឆ្លើយតបទៅនឹងការវាយប្រហារណាមួយនៅលើដីរបស់ខ្លួននោះទេ។យ៉ាងណាក៏ដោយ លោកបានបញ្ជាក់ជាថ្មីថា អ៊ីរ៉ង់ មិនស្វែងរកផ្លូវបង្កភាពតានតឹង និងវិបត្តិនៅក្នុងតំបន់ឲ្យកាន់តែធ្ងន់ធ្ងរឡើងនោះឡើយ។ ភាពតានតឹងក្នុងតំបន់បានកើនឡើងចាប់តាំងពីការផ្ទុះឡើងនៃសង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់កាលពីថ្ងៃទី៧ តុលា ដោយអូសទាញក្រុមគាំទ្រដោយអ៊ីរ៉ង់នៅអ៊ីរ៉ាក់ ស៊ីរី យេម៉ែន និងលីបង់ឲ្យធ្លាក់ចូលក្នុងជម្លោះនេះដែរ។
យោធាអាមេរិកបាននិយាយថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាសប្រឆាំងនឹងមីស៊ីលចំនួន ៥ គ្រាប់ក្នុងប្រទេសយេម៉ែនកាលពីថ្ងៃអាទិត្យ៕
