នៅសាលសន្និសីទបាយ័ននៃវិមានរដ្ឋសភានាព្រឹកថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំសហការីមកកាន់វិមានរដ្ឋសភា ដើម្បីជម្រាបជូនអំពីផែនការសកម្មភាព និងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ទៅលើប្រព័ន្ធផ្សព្វផ្សាយនានា និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗដើម្បីអនុវត្តបន្តសម្រាប់នីតិកាលទី៧ ដល់គណៈកម្មការជំនាញទាំង១០របស់រដ្ឋសភា ដែលដឹកនាំដោយឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា (គណៈកម្មការទី៥)។
ឯកឧត្តម សួស យ៉ារ៉ា បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះគឺធ្វើឡើងក្នុងគោលបំណងពិភាក្សានិងពិគ្រោះយោបល់ដើម្បីសិក្សាស្វែងយល់នូវវិស័យការងារ ដែលជាសមត្ថកិច្ចទទួលខុសត្រូវរបស់គណៈកម្មការទី៥ នៃរដ្ឋសភារួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ជំរុញការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានេះឱ្យមានប្រសិទ្ធភាព៕