ទីភ្នាក់ងារផ្តល់ជំនួយសង្គ្រោះប៉ាឡេស្ទីនដ៏ធំរបស់អង្គការសហប្រជាជាតិ (UNRWA) បានចេញផ្សាយរូបភាព កាលពីថ្ងៃចន្ទ ដែលបានបង្ហាញពីអ្វីដែលទីភ្នាក់ងារអះអាងថា ជាក្បួនរថយន្តដឹកជំនួយមនុស្សធម៌ ត្រូវបានវាយប្រហារដោយការបាញ់ប្រហាររបស់កងកម្លាំងអ៊ីស្រាអែល។

រូបភាព ដែលត្រូវបានចែករំលែកដោយនាយកកិច្ចការរបស់ទីភ្នាក់ងារ UNRWA នៅតំបន់ហ្កាហ្សា លោក ថូម៉ាស វ៉ាយ (Thomas White) នៅលើបណ្តាញទំនាក់ទំនងសង្គម X ដែលគេស្គាល់កាលពីពេលមុនថា Twitter បានបង្ហាញរថយន្តដឹកទំនិញស្បៀងអាហាររងការបំផ្លាញដោយដាក់ចំណងជើងថា រថយន្តត្រូវបានវាយប្រហារដោយការបាញ់ប្រហាររបស់កងទ័ពជើងទឹក ប៉ុន្តែគ្មាននរណាម្នាក់រងរបួសនោះទេ។
នាយកផ្នែកទំនាក់ទំនងរបស់ទីភ្នាក់ងារ UNWRA លោក ជូលីយេត ទូម៉ា (Juliette Touma) បាននិយាយថា នេះជាលើកទី៣ហើយ ដែលក្បួនរថយន្តរបស់អង្គការសហប្រជាជាតិ រងការវាយប្រហារ ខណៈកំពុងដឹកជញ្ជូនការផ្គត់ផ្គង់ទៅកាន់ភាគខាងជើងតំបន់ហ្កាហ្សា ហើយបានអំពាវនាវភាគីទាំងអស់នៅក្នុងជម្លោះ ឲ្យគោរពច្បាប់មនុស្សធម៌អន្តរជាតិ។
ប្រមុខទីភ្នាក់ងារ UNRWA នឹងបំពេញទស្សនកិច្ចនៅរដ្ឋឈូងសមុទ្រចំនួនបីក្នុងសប្តាហ៍នេះ ដើម្បីស្វែងរកបង្កើនការគាំទ្រ បន្ទាប់ពីម្ចាស់ជំនួយធំៗ បានផ្អាកការផ្តល់មូលនិធិ ក្រោយការចោទប្រកាន់របស់អ៊ីស្រាអែលថា បុគ្គលិករបស់ទីភ្នាក់ងារនេះមួយចំនួនបានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា៕
