រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បាននិយាយកាលពីថ្ងៃចន្ទ (០៥ កុម្ភៈ) ថាលោក បៃដិន នឹងវេតូលើសេចក្ដីស្នើច្បាប់ឯករាជ្យ ដែលគាំទ្រដោយសភាតំណាងរាស្រ្តសាធារណរដ្ឋ ដែលនឹងផ្តល់ជំនួយដល់អ៊ីស្រាអែល ខណៈខ្លួនជំរុញឱ្យមានវិធានការទូលំទូលាយជាងនេះក្នុងការផ្តល់ជំនួយដល់អ៊ុយក្រែន និងអ៊ីស្រាអែល ព្រមទាំងការផ្តល់មូលនិធិថ្មីសម្រាប់សន្តិសុខព្រំដែន។

ក្រុមមន្ត្រីមកពីរដ្ឋបាលរបស់ប្រធានាធិបតីបក្សប្រជាធិបតេយ្យរូបនេះ បានធ្វើការជាច្រើនខែជាមួយព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ លើច្បាប់ដែលបានបើកបង្ហាញកាលពីថ្ងៃអាទិត្យ ដោយរួមបញ្ចូលគ្នានូវការផ្លាស់ប្តូរគោលនយោបាយអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក និងមូលនិធិថ្មីសម្រាប់សន្តិសុខព្រំដែន ជាមួយនឹងជំនួយសង្គ្រោះបន្ទាន់រាប់ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន អ៊ីស្រាអែល និងបណ្ដាដៃគូនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
វិធានការចំណាយ ១១៨ ពាន់លានដុល្លារ នេះក៏នឹងផ្តល់ជំនួយមនុស្សធម៌ដល់ជនស៊ីវិលដែលរងផលប៉ះពាល់ដោយជម្លោះពិភពលោកផងដែរ។
សភាសហរដ្ឋអាមេរិក ដែលមានសមាជិកបក្សសាធារណរដ្ឋភាគច្រើននេះ ធ្លាប់បានអនុម័តសេចក្ដីស្នើច្បាប់មួយសម្រាប់តែអ៊ីស្រាអែល កាលពីខែវិច្ឆិកា ប៉ុន្តែច្បាប់នោះមិនដែលត្រូវបានលើកឡើងទៅពិចារណានៅក្នុងព្រឹទ្ធសភាដែលដឹកនាំដោយបក្សប្រជាធិបតេយ្យទេ ខណៈដែលក្រុមប្រេសិតបានធ្វើការលើសំណើរបស់លោក បៃដិន ដើម្បីឲ្យសភាអនុម័តកញ្ចប់ថវិកាសុវត្ថិភាពសង្គ្រោះបន្ទាន់ដ៏ទូលំទូលាយមួយ៕
